(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសាររំលែកទុក្ខចំពោះមរណភាព អ្នកគ្រូ ឱម យុវណ្ណា ហៅអ្នកគ្រូស្រី អតីតគ្រូបង្រៀនរបាំបុរាណ ដែលបានចែកឋានទៅ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣ទៀបភ្លឺ ដោយរោគាពាធ។
តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ ក៏ដូចជាលោកយាយជាទីគោរពស្រឡាញ់ និងសូមបួងសួង សូមវិញាណក្ខន្ធរបស់អ្នកគ្រូបានយោនយោគទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
បើតាមលោក ហ៊ុន ម៉ានី, អ្នកគ្រូឱម យុវណ្ណា គឺអតីតគ្រូបង្រៀនរបាំបុរាណ (ឯកទេស នាង) នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ព្រមទាំងធ្លាប់បានចូលរួមបង្ហាត់បង្ហាញ និងដឹកនាំការសម្តែងផ្សេងៗក្នុងក្រុមមហោស្រពបុរាណ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។
ថ្មីៗនេះ អ្នកគ្រូគឺជាសមាជិកាមួយរូបដ៏សកម្ម ដែលបានចូលរួមជាមួយក្រុមការងារស្រាវជ្រាវឯកសាររបាំបុរាណ ដើម្បីចងក្រងឯកសារជាមូលដ្ឋាន នៃរបាំបុរាណខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ។
លោក ហ៊ុន ម៉ានី ចាត់ទុកថា មរណភាពរបស់អ្នកគ្រូស្រី គឺជាការបាត់បង់ធនធានឆ្នើម និងសំខាន់របស់កម្ពុជា នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង៕