(ភ្នំពេញ)៖ ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយកងកម្លាំងកងទ័ព ដឹកជញ្ជូនស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានជាង ៤២ម៉ឺនគ្រួសារហើយ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ១៦,៩០០គ្រួសារ បន្ថែមទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៧ ខែឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៦,៩០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះបានចែកជូនទៅប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ ចំនួន ៣,០០០គ្រួសារ, ខណ្ឌដង្កោ ៥០០គ្រួសារ, ខណ្ឌសែនសុខ ១,០០០គ្រួសារ, ខណ្ឌព្រែកព្នៅ ៨០០គ្រួសារ, ខណ្ឌប្ញស្សីកែវ ចំនួន៥,០០០គ្រួសារ, ខណ្ឌដូនពេញ ចំនួន ២០០គ្រួសារ, ខណ្ឌ៧មករា ៣០០គ្រួសារ, ខណ្ឌទួលគោក ១០០០គ្រួសារ, ខណ្ឌបឹងកេងកង ៥០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន ១,៦០០គ្រួសារ និងខណ្ឌកំបូល ចំនួន ៣,០០០គ្រួសារ។
មន្ត្រីដដែលបន្តថា ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ បានចំនួន ៤២៧,៧៥២គ្រួសារហើយ។
គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕