(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានថ្លែងឲ្យដឹងថា ការចិញ្ចឹមត្រីរបស់បងប្អូនជាសមាជិក សមាគមវារីវប្បករកម្ពុជា គឺស្របតាមស្ដង់ដារបច្ចេកទេស ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺបច្ចុប្បន្ននេះមិនមានទៀតឡើយ ការសង់បង្គន់លើស្រះចិញ្ចឹមត្រី។
ថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក សុខ រ៉ាដែន បានលើកឡើងថា បន្ទាប់ពីមានការលើកទឹកចិត្ត និងគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មានបងប្អូនប្រជាពលរដ្ឋបានផុសផុល នាំគ្នាងាកមករបរចិញ្ចឹមសត្វ។
លោកបន្ដថា តាមរយៈការផុសផុលលើការចិញ្ចឹមសត្វនេះ សមាគមវារីវប្បករកម្ពុជា ក៏បានចូលរួមចំណែកលើស្ទួយវិស័យចិញ្ចឹមត្រីផងដែរ ដោយក្នុងនោះបានចូលរួមចែករំលែកចំណេះជំនាញផ្សេងៗរួមមាន ការផ្ដោតលើគុណភាព និងការចិញ្ចឹមដើម្បីទទួលបានផលល្អជាដើម។
លោកបានបន្ថែមថា បច្ចុប្បន្ននេះសមាគមវារីវប្បករកម្ពុជា និងអង្គការខាស់ ដែលជាដៃគូ បាននិងកំពុងរៀបចំឲ្យការត្រួតពិនិត្យលើគុណភាពត្រី ដើម្បីអនាម័យខ្ពស់ ព្រោះយើងត្រូវទទួលទានចូលក្នុងខ្លួន។
លោកបន្ថែមថា ដើម្បីរឹតបន្ដឹងគុណភាពនៃការចិញ្ចឹមត្រីនេះ សមាគមបានយកចិត្តទុកដាក់ជាខ្លាំង តាមដានត្រួតពិនិត្យ និងណែនាំជូនសមាជិក ។ ជាក់ស្ដែងចំពោះការលួចលាក់ចិញ្ចឹម ដោយប្រើប្រាស់លាមកសត្វ គឺត្រូវបានហាមឃាត់ជាដាច់ខាត មិនឲ្យមានធ្វើបែបនេះទេ។
លោកបញ្ជាក់ថា ពីមុនមានបងប្អូនពលរដ្ឋចិញ្ចឹមត្រី ដោយសាងសង់បង្គន់អនាម័យ លើស្រះចិញ្ចឹមត្រី ប៉ុន្ដែឥឡូវនេះមិនមាននោះឡើយ។
លោកបញ្ជាក់ទៀតថា សមាគមវារីវប្បករកម្ពុជា បានបង្កើតឡើងជាងមួយឆ្នាំមកនេះ សមាគមបានធ្វើការយ៉ាងសកម្ម ជាមួយបងប្អូនសមាជិកវារីវប្បករកម្ពុជា ហើយគិតមកដល់ពេលនេះ សមាជិកអ្នកចិញ្ចឹមត្រីរបស់សមាគមមានជិត៣០០នាក់ និងកំពុងមានអ្នកចង់ចូលរួមជាច្រើនទៀត។ លើសពីនេះសមាគមបានចង់ក្រង ជាមួយសមាជិកផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង ស្ដីពីការចិញ្ចឹមត្រី ការជ្រើសរើសពូជត្រី និងរបៀបចិញ្ចឹម ដើម្បីទទួលបានផលល្អជាដើម៕