(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរកឃើញវិជ្ជមានកូវីដ១៩ម្នាក់ទៀត នៅថ្ងៃទី១៧ ខែឧសភានេះ ទៅលើស្ត្រីឈ្មោះ ឡាយ សារុំ អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ នេះបើយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត គង់ ចន័្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ២នាក់ប្ដីប្រពន្ធបានឌុបគ្នាមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគំរូក្រុង ដើម្បីសុំឱ្យគ្រូពេទ្យពិនិត្យសំណាក ដោយសារតែស្ត្រីជាប្រពន្ធមានអាការៈមិនស្រួល ខ្លួនខ្លាំង។ បន្ទាប់ពីពិនិត្យសំណាក ប្រពន្ធត្រូវបានរកឃើញវិជ្ជមាន រីឯប្ដីលទ្ធផលអវិជ្ជមានលើកទី១ ហើយស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅព្យាបាលនៅស្រុកកំពង់ត្រឡាច។ ករណីនេះបច្ចុប្បន្នបុគ្គលិកនៃមន្ទីរសុខាភិបាល និងអាជ្ញាធរ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកពិនិត្យសំណាកជាបន្ទាន់ផងដែរ។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ពីរកឃើញស្ត្រីខាងលើនេះមានវិជ្ជមានកូវីដ១៩ សមត្ថកិច្ច និងអាជ្ញាធរសហការជាមួយបុគ្គលិក នៃមន្ទីរសុខាភិបាលបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន៥នាក់ ដែលត្រូវជាក្រុមគ្រួសាររបស់ស្ត្រីខាងលើនេះ។ ក្នុងនោះមានម្នាក់ឈ្មោះ សេង ចាន់ថន ភេទស្រី អាយុ៥២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ M.V មានទីតាំងក្នុងក្រុងកំពង់ឆ្នាំង។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីដែលវិជ្ជមានកូវីដ១៩ ខាងលើនេះ គាត់ជាអតីតកម្មការនីរោងចក្រ M.V តែគាត់បានឈប់អស់រយៈពេល ២ខែមកហើយ លុះនៅព្រឹកថ្ងៃ១៧ ខែឧសភានេះ ស្ត្រីខាងលើ បម្រុងឡើងជិះរថយន្តទៅធ្វើការសម្ភាសន៍នៅរោងចក្រ M.V ដើម្បីចូលធ្វើការនៅរោងចក្រនេះឡើងវិញ។
តែនៅពេលដែលបម្រុងឡើងឡានរោងចក្រទៅហើយ ក៏ស្រាប់តែគាត់មានអាការៈវិលមុខ ទើបខកខានមិនបានទៅវិញ ហើយបានឱ្យប្ដីរបស់គាត់នាំទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយក៏បានរកឃើញស្ត្រីជាប្រពន្ធ វិជ្ជមានកូវីដ១៩ នៅថ្ងៃដដែលនេះផងដែរ។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃនេះក្រុមការងាររបស់លោកសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលើនេះ មានចំនួន៥នាក់ និងបានពិនិត្យសំណាកជាបឋមលើកទី១ អវិជ្ជមានទាំងអស់គ្នា។
អ្នកទាំង៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យតេជោ ទឹកហូត ក្នុងស្រុករលាប្អៀរ រួចហើយ។ ចំណែកអ្នកដែលបានប៉ះពាល់ផ្ទាល់កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ម្សិលមិញ ក្រុមការងារគ្រូពេទ្យ មិនទាន់អាចយកសំណាកពិនិត្យភ្លាមៗបាននៅឡើយនោះទេ ដោយរង់ចាំគម្រប់៥ថ្ងៃសិន (ពិនិត្យភ្លាមៗមើលមិនទាន់ឃើញ)៕