(ឧត្តរមានជ័យ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ មានលោក លិញ សុវឌ្ឍនា ជាប្រធានសាខា បានសហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត និងអជ្ញាធរដែនដី បានចុះប្រតិបត្តិការ ការងារត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ លើទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ និងត្រួតពិនិត្យគុណភាព អាល់កុលនៅផ្សារចំការចេក មានទីតាំងស្ថិតនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក លិញ សុវឌ្ឍនា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ អាល់កុលក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញ ដែលមិនមានអនុលោមភាព ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់។
លោកប្រធានសាខា បានបន្តថា ក្នុងសកម្មភាពនេះ ក្រុមការងារបានត្រួតពិត្យទំនិញ វេចខ្ចប់រួចជាស្រេច និងបានត្រួតពិនិត្យ ដោយប្រើតេស្តឃីត ធ្វើតេស្តដើម្បីវិភាគគុណភាពអាល់កុល និងផលិតផលទំនិញម្ហូបអារហារ បានចំនួន ០៤គំរូផ្សេងទៀត រួមមាន ៖ បង្គា(ថៃ)០១គំរូ មឹកបំពង់(ថៃ) ០១គំរូ មឹកពីងពាង(ថៃ) ០១គំរូ និងជ្រក់ស្ពៃ០១គំរូ។
លោកបានឲ្យដឹងទៀតថា ជាលទ្ធផល៖
*ទី១៖ ដកហូតអាល់ក្លែងក្លាយ (មេតាណុល) បានចំនួន១១ដប ស្មើនិង៥,៥លីត្រ យកមករក្សាទុក នៅសាខាដើម្បីកំទេចចោល។
*ទី២៖ ទំនិញមានលក្ខណៈល្អ ពុំមានសារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាព ហួសកាលបិច្ឆេតកំណត់ប្រើប្រាស់ឡើយ។
ជាមួយគ្នានោះ ក្រុមការងារជំនាញរបស់លោក ក៏បានបិទ និងផ្សព្វផ្សាយផ្ទាំងរូបភាព (Poster) បានចំនួន ៣០ផ្ទាំង និងពន្យល់ណែនាំដល់អាជីវករ អោយបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដើម្បីជៀសវាងបង្ករផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈម ចំពោះមុខច្បាប់ថែមទៀតផង៕