(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហមក្នុងភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ដែលមិនទាន់ទៅយកសំណាក ឲ្យទៅយកសំណាកបានគ្រប់ៗគ្នា។
លោក នួន ផារ័ត្ន បានលើកឡើងថា តំបន់បិទខ្ទប់ នៃតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យ៣ គឺនៅសល់តែផ្នែកខ្លះនៃភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមិនទាន់ទៅយកសំណាក សូមអញ្ជើញទៅយកសំណាកឲ្យបានគ្រប់គ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី បន្តអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ហើយប្រសិនបើគ្មានការចាំបាច់សុំកុំចេញពីផ្ទះ។
ទន្ទឹមនឹងនេះដែរ អភិបាលរងបន្ថែមទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មានអាការៈ មិនស្រួលខ្លួន ដូចជា៖ ក្តៅខ្លួន ឈឺបំពង់ក ផ្តាសាយ ថប់ដង្ហើម ស្ថិតក្នុងការសង្ស័យ សូមប្រញាប់ទៅពិនិត្យយកសំណាកភ្លាម។
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៣០នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕