(តាកែវ)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានផ្តល់ឧបករណ៍តេស្តរហ័ស STANDARD Q COVID-19 Ag Test ចំនួន ១០ ០០០ (ដប់ពាន់) គ្រឿង និងសំលៀកបំពាក់ការពារ (PPE) ចំនួន ២០០ កំប្លេ ជូនរដ្ឋបាលស្រុកបាទីនិងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីប្រើប្រាស់ក្នុងការចុះយកសំណាកតេស្តរហ័សដល់កម្មករ កម្មការិនីនៅរោងចក្រវ៉ូណាមី រោងចក្រ PV រោងចក្រជេឌីតូយូស៊ីម៉ា និងរោងចក្រសាន់បូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធទាំងអស់ ហើយដែលបច្ចុប្បន្នកំពុងតែធ្វើចត្តាឡីស័កនៅតាមបណ្តាឃុំទាំង១៥ និងនៅតាមផ្ទះ។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩៕