(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើការងារនៅវៀតណាម។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈសេចក្តីជូនដំណឹងនេះ ស្ថានទូតបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្តេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work
permits) ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូល និងចេញ (entry and exit rules)។
ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម។
ស្ថានទូតបានបានអំពាវនាវប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្តីពីការចូល និងចេញរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម។
ស្ថានទូតថែមទាំងអំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម បន្តថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សំដៅការពារកុំឱ្យឆ្លងជំងឺកូវដ-១៩៕