(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយក្នុងនោះក្រសួងបានបញ្ជាក់ថា ខ្លួន នឹងបន្ដពិភាក្សាជាមួយ YouTube ដើម្បីដោះស្រាយបញ្ហា ការផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្ម លើថ្នាលវីដេអូ នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ YouTube បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្ម លើថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង៩០ទៀត ដែលធ្វើឲ្យអ្នកទស្សនា វីដេអូសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។
បន្ទាប់ពីបានទាក់ទងតំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឲ្យមានដំណោះស្រាយឆាប់រហ័ស ពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបដូចខាងក្រោម៖
១៖ YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុន កំពុងតែសម្រួលគោលការណ៍ ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឲ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឲ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។
២៖ ក្នុងចំណោមប្រទេសទាំងជាង៩០ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន «កម្មវិធីភាពជាដៃគូ»។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន «កម្មវិធីភាពជាដៃគូ» ពី YouTube ដែលការសម្រេចនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។
៣៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះ ឲ្យបានឆាប់រហ័ស៕