(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ក្រុមគ្រួសារនៃសព លោកស្រីសាស្ត្រាចារ្យ ឱម យុគវណ្ណា។
សារលិខិតរំលែកទុក្ខនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាប្រធាន និងតំណាងក្រុមប្រឹក្សាវប្បធម៌អាស៉ី ខ្ញុំមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ដោយទទួលបានដំណឹងដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោកស្រីសាស្ត្រាចារ្យ ឱម យុគវណ្ណា កាលពីថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ»។
លោកស្រីសាស្ត្រាចារ្យ ឱម យុគវណ្ណា ជាសាស្ត្រាចារ្យរបាំព្រះរាជទ្រព្យដ៏គួរឱ្យគោរពនិងកោតសសើរ ដោយលោកស្រីបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបានចំណាយពេលវេលាស្ទើតែពេញមួយជីវិតរបស់លោកស្រី ចូលរួមចំណែកថែរក្សា និងផ្ទេរមរតកសិល្បៈបុរាណខ្មែរ ដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ឱ្យស្គាល់នូវតម្លៃនៃកេរ្តិ៍តំណែលវប្បធម៌របស់ដូនតាខ្មែរ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្រុមប្រឹក្សាវប្បធម៌អាស៉ី សូមចូលរួមរំលែកមរណទុក្ខនេះជាមួយនឹងក្រុមគ្រួសារសព ចំពោះការបាត់បង់លោកស្រីសាស្ត្រាចារ្យ ដែលត្រូវជាភរិយា ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលានិសង្ឃ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក នាំដួងវិញ្ញាណក្ខន្ធរបស់ លោកស្រីសាស្ត្រាចារ្យ ឱម យុគវណ្ណា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕