(ភ្នំពេញ)៖ បន្ទាប់ពីការចុះធ្វើសកម្មភាពជាក់ស្តែងនាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា (ក្របខណ្ឌរាជធានីភ្នំពេញ) នឹងរៀបចំកិច្ចប្រជុំដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផល នៃការចូលរួមរបស់ខ្លួន ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា, ការសម្របសម្រួលចាក់វ៉ាក់សាំង និងការផ្តល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ តាមប្រព័ន្ធអនឡាញ (Zoom Meeting)។
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សមាជិក សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលតាមរូបភាពផ្សេងៗដូចជា៖ ការផ្សព្វផ្សាយ អប់រំ ពីវិធានការការពារការឆ្លងរាលដាល ការចែកម៉ាស អាល់កុល និងស្បៀងអាហារជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះការលំបាក, ការសម្របសម្រួលអ្នកដែលត្រូវធ្វើចត្តាឡីស័ក, ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង តាមរយៈសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏ដូចជាការចូលរួមជួយសម្របសម្រួលការចាក់វ៉ាក់សាំង នៅតាមមូលដ្ឋានជាច្រើនទីតាំងផងដែរ។
ឈរលើស្មារតីចូលរួមចំណែកតាមលទ្ធភាព ដែលអាចធ្វើបាន បងប្អូនទាំងអស់បានខិតខំព្យាយាមធ្វើសកម្មភាពយ៉ាងច្រើន ទោះក្នុងស្ថានភាពលំបាក និងប្រកបដោយហានិភ័យក៏ដោយ។ ជាពិសេសនៅក្រោយការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សកម្មភាពរបស់យើងរឹតតែកើនឡើងក្នុងកម្រិតខ្ពស់ជាងមុនកាន់តែច្រើន។
ទោះបីថា ការចូលរួមរបស់ស.ស.យ.ក នៅមានទំហំតូចបើធៀបនឹងការលះបង់របស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់ប្រភេទ ជាពិសេស គឺលោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខ សកម្មភាពរបស់សមាជិក សមាជិកាគឺជាការបំពេញករណីកិច្ចជាពលរដ្ឋល្អ និងប្រកបដោយភាពទទួលខុសត្រូវ ក្នុងនាមជាធនធានដ៏មានប្រយោជន៍មួយរបស់សង្គម។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ដែលបានបង្កលក្ខណៈ និងអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមចំណែក ក្នុងការបំពេញភារកិច្ចនេះកន្លងមក។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបន្តបំពេញបេសកកម្មដ៏ថ្លៃថ្លានេះបន្ថែមទៀត ព្រោះថាសង្គមជាតិកំពុងត្រូវការយើង ដើម្បីយកឈ្នះលើជំងឺកូវីដ ១៩ ដ៏កាចសាហាវមួយនេះ៕