(ពោធិ៍សាត់)៖ សមាគមអតីតយុទ្ធជនកម្ពុជា និងអាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងពន្លឿនការងាររបស់ខ្លួនក្នុងការរៀបចំភូមិឋាន និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ ដើម្បីឱ្យពួកគេបានចូលរស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ភូមិឋាន និងផ្ទះថ្មីសម្រាប់អតីតយុទ្ធជនកម្ពុជា ដែលជាការរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅក្នុងភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ភូមិនេះចុះពីផ្លូវជាតិលេខ៥ ចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រ ហើយចម្ងាយពីទីរួមខេត្តប្រមាណជា ៨០គីឡូម៉ែត្រ។

អតីតយុទ្ធជនសុទ្ធសឹងជាអ្នកដែលបានលះបង់ខ្ពស់បំផុតក្នុងបុព្វហេតុសង្គមជាតិក្នុងពេលជួបវិបត្តិភ្លើងសង្គ្រាម។ ពួកគេខ្លះបានធ្លាក់ខ្លួនពិការជើងដៃ និងភ្នែកក៏មាន។ បើទោះបីសង្គមកម្ពុជា បានរកឃើញពន្លឺសុខសន្តិភាពយូរឆ្នាំ កំណើនសេដ្ឋកិច្ចជាតិរីកចម្រើនលូតលាស់ខ្ពស់យ៉ាងណាក្តី តែអតីតយុទ្ធជនកម្ពុជាខ្លះនៅតែមិនអាចកសាងជីវភាពឱ្យបានប្រសើរនោះឡើយ។ ពួកគេនៅតែរស់ក្នុងជីវភាពមួយខ្វះខាត។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា ជាមេបញ្ជាការកំពូលរបស់កងទ័ពជាតិ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើអតីតយុទ្ធជនកម្ពុជា។ ក្រៅតែពីការរៀបចំផ្តល់ជាប្រាក់សោធននិវត្តន៍សម្រាប់ពួកគេហើយនោះ សម្តេចទាំងទ្វេ បានរៀបចំគោលនយោបាយផ្តល់ជាដី សាងសង់ជាផ្ទះ ដើម្បីសម្រួលដល់ការរស់នៅ។ ភូមិឋាន និងផ្ទះសម្បែងរបស់អតីតយុទ្ធជនជាច្រើនមកហើយ ត្រូវបានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំ និងសាងសង់ជូនអតីតយុទ្ធជន។

តាមរយៈសមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធាន ជាអគ្គលេខាធិការ និងជាសេនាធិការនោះ សម្តេចតេជោ ហ៊ុន សែន តែងបានក្រើនរំលឹក និងណែនាំជាប់ជាប្រចាំឱ្យស្រាវជ្រាវរកអតីតយុទ្ធជនដែលខ្វះខាត ហើយរៀបចំជួយដល់ពួកគេ។

តាមរយៈការស្រាវជ្រាវនេះ សមាគមអតីតយុទ្ធជនកម្ពុជា បានរកឃើញអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់រហូតដល់ទៅជាង ៦០០គ្រួសារ មានជីវភាពខ្វះខាតដោយខ្លះមានដីគ្មានផ្ទះ និងខ្លះទៀតខ្វះខាតទាំង ទាំងផ្ទះ។

ដើម្បីជួយសម្រួលដល់ការរស់នៅ និងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកដីរដ្ឋជាង ៩០០ហិកតា ស្ថិតនៅក្នុងភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ផ្តល់ជាគោលនយោបាយជូនអតីតយុុទ្ធជនជាង ៦០០គ្រួសារនេះ។ ក្នុងនោះមួយគ្រួសារទទួលបានដីទំហំ ១.៥ហិកតា។

បន្ថែមពីលើនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់ថវិកា ៥០ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ផ្ទះ ហើយក៏មានសប្បុរសជនមួយចំនួនទៀតបានចូលរួមចំណែកផងដែរ តាមរយៈការអំពាវនាវរបស់សមាគមអតីតយុទ្ធជន និងភិបាលខេត្តពោធិ៍សាត់។

ទឹកប្រាក់ជាការឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជន ធ្វើឱ្យសមាគមមានលទ្ធភាពអាចសាងសង់បានក្នុងរង្វង់ជិត ២០០ខ្នងផ្ទះ។ បច្ចុប្បន្នក្រុមជាង បានសាងសង់ផ្ទះហើយរួចរាល់ប្រមាណជា ៦០ខ្នងផ្ទះហើយ ហើយផ្ទះខ្លះក៏មានអតីតយុទ្ធជនចូលមកស្នាក់នៅផងដែរ។

ផ្ទះនេះមានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ និងទម្លាក់យ៉ាកទៅក្រោយ៣ម៉ែត្រសម្រាប់ធ្វើចង្ក្រានបាយ។ ផ្ទះត្រូវបានសាងសាង់ឡើងដោយប្រក់ដែកសង្កសី ជញ្ជាំងស្មាតបត គ្រឿងបង្គុំធ្វើពីដែក សសរចាក់ស៊ីម៉ង់តិ៍។

ជាមួយនឹងការសាងសង់ផ្ទះ សមាគមអតីតយុទ្ធជនកម្ពុជា និងអាជ្ញាធរខេត្ត ក៏បាននិងកំពុងមមាញឹកក្នុងការរៀបចំភូមិឋាន ផ្ទះសម្បែងជូនដល់អតីតយុទ្ធជននៅតំបន់នេះ ដូចជាការឈូសឆាយដីធ្វើផ្លូវ ឈូសឆាយដីសម្រាប់បង្កបង្កើនផល និងជីកអណ្តូងទឹកជាដើម។

ក្រុមការងារ និងអាជ្ញាធរ ក៏បានរៀបចំដើមស្វាយ ដើមដូង ក្រូចជាដើមយកទៅដាំដុះជូនដល់អតីតយុទ្ធជននៅលើដីដែលជាកម្មសិទ្ធរបស់ពួកគាត់។

ការរៀបចំភូមិឋាន សាងសង់ផ្ទះជូនអតីតយុទ្ធជននេះ ត្រូវបានដឹកនាំការសាងសង់ និងពិនិត្យដោយផ្ទាល់ពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់។

លោកទេសរដ្ឋមន្ត្រី ក៏ដូចជាលោកអភិបាលខេត្តពោធិ៍សាត់ តែងបានចុះទៅជាប់ជាប្រចាំ ដើម្បីពន្លឿនការសាងសង់ និងរៀបចំភូមិឋានឱ្យឆាប់ហើយ ដើម្បីអតីតយុទ្ធជនបានចូលរស់នៅ។ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ម៉ៅ ធនិន្ទ បានចុះទៅពិនិត្យ និងជំរុញការសាងសង់នេះបន្តទៀត។

កងទ័ពក្នុងខេត្តពោធិ៍សាត់ជាច្រើន ត្រូវបានយកទៅដាក់ពង្រាយនៅទីតាំងនោះ ដើម្បីឈូសឆាយដី សាងសង់ផ្ទះ និងជួយដាំដុះឈើហូបផ្លែផ្សេងៗជូនអតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានតាមដានជាប់ជាប្រចាំលើការងាររៀបចំភូមិឋាន និងសាងសង់ផ្ទះនេះ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់ណាស់លើសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ។

លោក ម៉ៅ ធនិន្ទ តំណាងឱ្យអតីតយុទ្ធជនក្នុងខេត្តរបស់លោក បានសម្តែងក្តីរីករាយ និងថ្លែងអំណរអរគុណជាពន់ពេក ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ការយកចិត្តទុកដាក់ និងក្តីមេត្តាខ្ពស់ចំពោះអតីតយុទ្ធជនខ្វះខាត់។

សម្រាប់លោក ម៉ៅ ធនិន្ទ គុណបំណាច់ គឺធំធេង ហើយទាំងរូបលោក និងអតីតយុទ្ធជនក្នុងខេត្តគ្មានថ្ងៃបំភ្លេចបាន ហើយបន្តគាំទ្រសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខដឹកនាំកម្ពុជាជារៀងដរាប។

តាមការគ្រោងផ្ទះដែលរៀបចំរួចរាល់ប្រមាណជា ៦០ខ្នងនេះ នឹងធ្វើពិធីប្រគល់ជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់នៅចុងខែឧសភានេះហើយ។

លោក ម៉ៅ ធនិន្ទ បានបញ្ជាក់ថា ជាមួយការចូលរស់នៅនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា ក៏បានផ្តល់ផ្ទាំងសូឡា ដាក់នៅតាមខ្នងផ្ទះសម្រាប់ការប្រើប្រាស់ដាំបាយ ដាំដឹក និងប្រើអំពូលជាដើម។

ជាមួយការចូលរស់នៅដំបូងនេះ លោក ម៉ៅ ធនិន្ទ ក៏ជួយផ្គត់ផ្គង់អង្ករមួយខែ៥០គីឡូក្រាម ក្នុងមួយគ្រួសារ រយៈពេលមួយឆ្នាំផងដែរ។

តាមរយៈសកម្មភាព និងកាយវិការទាំងអស់នេះ បានបង្ហាញឱ្យឃើញពីស្មារតីយកចិត្តទុកដាក់រួមរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាគមអតីតយុទ្ធជន និងអាជ្ញាធរខេត្ត ដែលជាការផ្តល់នូវភាពកក់ក្តៅ និងភាពរីករាយជាពន់ពេកសម្រាប់អតីតយុទ្ធជនកម្ពុជា៕