(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖

* ទី១៖ ឈ្មោះ វ៉ាន់ ថនចាន់ធីម អាយុ២៥ឆ្នាំ រស់នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក មកពីភ្នំពេញថ្ងៃទី០៣ ខែឧសភា
* ទី២៖ ឈ្មោះ សំ អ៊ុន អាយុ២៦ឆ្នាំ រស់នៅភូមិចំបក់ជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក មកពីភ្នំពេញថ្ងៃទី០៦ ខែឧសភា
* ទី៣៖ ឈ្មោះ ចក់ សុវ៉ាត់ អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ មកពីខេត្តព្រះសីហនុថ្ងៃទី១៧ ខែឧសភា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដខាងលើ ត្រូវរួសរានទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ៕