(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ ដើម្បីធ្វើបច្ចុប្បន្នភាពលើការងារអភិវឌ្ឍន៍ក្នុងខេត្ត រួមទាំងបញ្ហាប្រឈមទាំងឡាយនៅក្នុងខេត្តនេះ។

ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើកាតកត់សម្គាល់លើបញ្ហាមួយចំនួនមានដូចជាការងារអភិវឌ្ឍន៍ក្នុងខេត្ត បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ការងារគ្រោះមហន្តរាយ ព្រមទាំងការងារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។

លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា បញ្ហាជំងឺកូវីដ១៩ កំពុងបង្កហានិភ័យ និងរីករាលដាលខ្លាំង ដូច្នេះការផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យយល់ពីហានិភ័យ និងការរីករាលដាលជំងឺកូវីដ១៩ គឺជាកិច្ចការសំខាន់មួយសម្រាប់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។ បន្ថែមពីលើនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យដោះស្រាយការខ្វះខាតទាំងឡាយរបស់ប្រជាពលរដ្ឋ ព្រោះវិបត្តិជំងឺកូវីដ១៩។

ក្រៅតែពីចង្អុលបង្ហាញលើបញ្ហាកូវីដ១៩ហើយនោះ លោក គន់ គីម ក៏បានលើកពីបញ្ហាប្រឈមដោយគ្រោះមហន្តរាយផងដែរ។ លើបញ្ហាគ្រោះមហន្តរាយធម្មជាតិនេះ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកអាជ្ញាធរខេត្ត ស្រុកយកចិត្តទុកដាក់លើបញ្ហានេះ។

លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យចុះទៅដល់កន្លែងកើតហេតុ ជួយសាងសង់ផ្ទះឡើងវិញ និងផ្តល់ស្បៀងអាហារផ្សេង ដើម្បីជួយដោះស្រាយការលំបាករបស់ពួកគាត់។

កិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីផែនការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជននៅក្នុងខេត្តផងដែរ។ លើបញ្ហាយុវជននេះ លោក គន់ គីម បានលើកឡើងថា ក្រុមយុវជនជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចការសង្គម។

ក្នុងន័យនេះ លោកបានណែនាំឱ្យមានការបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពការងារយុវជនឱ្យបានកាន់តែល្អប្រសើរ ដើម្បីចូលរួមជួយដល់កិច្ចការសង្គម។

លោកទេសរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមការងារ និងប្រធានចលនាយុវជនតាមស្រុក លើកឡើងបញ្ហាប្រឈម និងការលំបាកមួយចំនួន ដើម្បីរកដំណោះស្រាយ៕