(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេច ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៏ ២០កុម្ភៈ ២០២១។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ។

សេចក្តីសម្រេចនេះ មានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធី នៃការដាក់ឱ្យអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព ដែលស្ថិតក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងជំនួយសង្គមជាសាច់ប្រាក់ សម្រាប់ប្រជាពលរដ្ឋ និងត្រសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវី-១៩ និងមានការលំបាកផ្នែកជីវភាព និងសម្រាប់គ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។

សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្ត ចំពោះប្រជាពលរដ្ឋខ្មែរ ដូចខាងក្រោម៖

* គ្រសារមានការលំបាកផ្នែកជីវភាព និងកម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ក្នុងភូមិសាស្ត្រ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និង ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។

* គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, កម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបដែលឆ្លងជំងឺកូវីដ-១៩ និងនៅក្រៅតំបន់អនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវី៥-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តទូទាំងប្រទេស។

សេចក្តីសម្រេចបញ្ជាក់ទៀតថា ការបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, កម្មករ និយោជិតគោលដៅ, និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដែលស្ថិតក្រោមវិសាលភាពនៃសេចក្តីសម្រេចនេះ ត្រូវចាប់ផ្តើមពីដើមខែមិថុនា ឆ្នាំ២០២១៕