(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី ផន ទៀង បាននាំយកអំណោយជាស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។
អំណោយដែលនាំយកទៅប្រគល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ និងថវិកាចំនួន ២០,០០០រៀល ក្នុងមួយគ្រួសារផងដែរ។ ជាមួយនោះ លោកឧត្តមសេនីយ៍ឯក យិន គារ និងលោកជំទាវ បានឧបត្ថម្ភជូនលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ នូវថវិកាចំនួន ៤០០,០០០រៀល និងលោក ផន សុផល ថវិកា ២០០,០០០រៀល។
ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ឯក យិន គារ និងលោកស្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។ ជំងឺកូវីដ-១៩នេះ ជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ។
បន្ថែមពីនេះ លោកឧត្តមសេនីយន៍ឯក យិន គារ និងលោកស្រី ក៏បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ផងដែរ ព្រោះបច្ចុប្បន្ននេះ ករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ៕