(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមនឹងក្រុមការងារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៨គ្រួសារ មកពី៣ឃុំ ក្នុងស្រុកកងមាស ក្នុងនោះ នៅឃុំព្រែកកុយ មាន៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅ១គ្រួសារ។
ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ ជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើង ដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាព បងប្អូនកំពុងតែរងលំបាកដោយការរាតត្បាតនៃជំងឺកូវីដ១៩។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលាផងដែរ។
ទន្ទឹមនឹងនោះដែរ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការការពារខ្លួន ជៀសឱ្យផុតពីការឆ្លង ជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះទាំង៦៨គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មីយើង១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ១០កំប៉ុង, ឃីត១ និងអាវយឺត ២។ ចំណែកថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺអ្នកខូចខាតកម្រិតធ្ងន់ ១០គ្រួសារ ជូនថវិកាសរុប ៣,០០០,០០០រៀល, កម្រិតមធ្យម ១៩គ្រួសារ ផ្តល់ថវិកាសរុប ៣,៨៥០,០០០រៀល និងកម្រិតស្រាល ៣៩គ្រួសារ ជូនថវិកាសរុប ៣,៩០០,០០០រៀលផងដែរ៕