(ស្វាយរៀង)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង (ក.ប.ប) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញជាពិសេសតម្លៃអាកុលស្លាកសញ្ញា តម្លៃម៉ាស នៅតាមបណ្ដាឱសថស្ថានស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខា ក.ប.ប ខេត្តស្វាយរៀង បានថ្លែងថា នៅព្រឹកនេះមន្ត្រីជំនាញបាន ចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានចំនួន ៦ទីតាំង និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និងជែលលាងដៃទាំង ៦ទីតាំងដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយ អាល់កុល១កាន ស្មើ៣០លីត្រ អាល់កុល៤៥យួរ មាន១២ដប ក្នុង១ដប ចំណុះ០,៥លីត្រ ស្មើនឹង ២៧០លីត្រ ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះធ្វើការកម្ទេចចោលតែម្តង។
លោក ផឹង និល បានបន្តថាអាល់កុល ក្លែងក្លាយទាំងនេះអាចប៉ះពាល់លើសុខភាពរួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ និងអាជ្ញាធរ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់៕