(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់ការពារជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋមិនមែនជាឧបសគ្គទៀតនោះទេ ព្រោះក្រុមការងារមានបទពិសោធន៍គ្រប់គ្រាន់ លើកិច្ចការងារមួយនេះ។

តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះរួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។

នាយឧត្តមសេបីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បែបនេះក្នុងបទសម្ភាសន៍ដល់បណ្តាអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងឱកាសចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់ដូសទី១ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើទោះបីយ៉ាងណានាយឧត្តមសេនីយ៍ បន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «និយាយរួមយើងវាយតម្លៃថា ការចាក់ដូសទី២ រយៈពេល២ថ្ងៃនេះ មានសណ្តាប់ធ្នាប់ មិនមានភាពរញ៉េរញ៉ៃ មិនមានភាពបាត់សណ្តាប់ធ្នាប់ បានវិធានការការពារទេ ហើយបងប្អូនប្រជាពលរដ្ឋមកតាមលំដាប់លំដោយច្រើនណាស់...! ការចាក់ដូសទី២ មិនមានបញ្ហាស្មុគស្មាញអីទេ ហើយការចាក់ដូសទី១ គឺត្រូវការបំពេញទម្រង់ ដើម្បីចាក់និយាយរួមចាប់តាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃនេះយើងមានបទពិសោធន៍គ្រប់គ្រាន់ មានលទ្ធភាពគ្រប់គ្រាន់ដើម្បី»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះទៀតសោធ គឺក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានសហការគ្នាយ៉ាងល្អជាមួយរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូន ដោយទទួលបានការជោគជ័យតាមអ្វីដែលបានកំណត់ជាដើម។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា លោក និងអភិបាលរាជធានីភ្នំពេញ នឹងធ្វើផែនការបន្ថែមទៀត ដើម្បីសម្រុកចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី នៅតំបន់ក្រហមក្នុងខណ្ឌទាំង៤ ឱ្យឆាប់រួចរាល់ មិនឱ្យអូសបន្លាយពេលនោះទេ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។ ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។

លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។ ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា សម្រាប់កិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងនៅតំបន់ក្រហម នៅក្នុងខណ្ឌចំនួន៦ ដែលទទួលបានដំណើរការដោយរលូនក្នុងរយៈពេលកន្លងមកនេះ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភា បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល ១៧កន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៧០៧,៥៧២នាក់ ស្រី ៣៨១,៩៣៩នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៦២,០៥៨នាក់ ស្រី ២៨,៨៩១៕