(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សូមមេត្ដាគោរពទៅតាមវេនរបស់ខ្លួន ដើម្បីធ្វើយ៉ាងកុំឱ្យមានកកស្ទះ ដែលអាចបង្កឱ្យមានលទ្ធភាពអាចឆ្លងជំងឹកូវីដ-១៩។
ការថ្លែងបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងស្វែងយល់ពីការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «ពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ទាំងពីរខណ្ឌនេះ សរុបជាង២៤ម៉ឺននាក់។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋយើង សូមអញ្ជើញមកតាមវេនរបស់ខ្លូន ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកកុំឱ្យមានកកស្ទះ ដើម្បីទទួលបានសុវត្ថិភាពល្អ ជាជាងយើងមកបង្កការកកស្ទះច្រើន ដែលអាចមានលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ យើងត្រូវតែប្រុងប្រយ័ត្ន កុំឱ្យមកទទួលជំងឺកូវីដ១៩ មុននឹងទទួលបានវ៉ាក់សាំង ជាពិសេសត្រូវរួមគ្នា អនុវត្ដ ៣ការពារ ៣កុំ និងត្រូវអនុវត្ដតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន»៕