(តាកែវ)៖ ក្មេងពាលមួយក្រុមមានបក្ខពួក ៤ទៅ៥នាក់ បានបើករថយន្តមកកាប់យុវជនម្នាក់ ដល់ផ្ទះនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ វីដេអូនៃសកម្មភាពហិង្សានេះ ត្រូវបានថតជាប់ដោយកាំមេរ៉ាសុវត្ថិភាព និងត្រូវបានចែកចាយតាមបណ្ដាញសង្គម ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការចាប់ខ្លួនជនបង្កនោះទេ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា «បន្ទាប់ពីជនល្មើសចុះមកកាប់ និងវ៉ៃជនរងគ្រោះហើយ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នា ទៅដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍កំពែង ស្រុកព្រៃកប្បាស ក៏ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចស្រុកព្រៃកប្បាស មិនមានចំណាត់ការអ្វីនោះទេបើទោះបីជាជនរងគ្រោះមានវីដេអូ បង្ហាញពីជនដៃដល់ និងបានស្គាល់ជនដៃដល់ប្រាប់សមត្ថកិច្ចយ៉ាងណាក៏ដោយ»។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស មិនបានឆ្លើយតបនឹងការសាកសួររបស់បណ្ដាញសារព័ត៌មាន Fresh News ទេនៅថ្ងៃនេះ។
កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមក្មេងស្ទាវមួយក្រុមដែលគេដឹងថា មានទីលំនៅក្នុងឃុំពន្លៃ ស្រុកអង្គបូរី បាននាំគ្នាជិះរថយន្តមួយគ្រឿង មានគ្នា៤ ទៅ៥នាក់ ដោយកាន់ដាវ បានជិះមកផ្ទះជនរងគ្រោះ នៅក្នុងភូមិកំពែងខាងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ហើយបានធ្វើសកម្មភាពចាប់ជនរងគ្រោះវ៉ៃ និងកាប់នឹងដាវ ហើយទោះបីជាជនរងគ្រោះ និងក្រុមគ្រូសារអង្វរក យ៉ាងណាក៏ជនដៃដល់មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ៕