(កណ្ដាល)៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់អគារវប្បធម៌ ស្ថិតនៅក្រុងតាខ្មៅចំនួន៧៤នាក់ បានជាសះស្បើយ ក្រោយការខិតខំប្រឹងប្រែងព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់លោក គួយ ប៊ុនធឿន ជាប្រធាន និងចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ស្ថិតនៅក្នុងឱកាសជូនដំណើរ និងចែកអំណោយជូនពលរដ្ឋទាំង៧៤នាក់នាល្ងាចថ្ងៃទី១៧ ខែឧសភានេះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយត្រេកអរនេះ សូមអរគុណដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់ប្រភេទ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកថែរក្សាសន្តិសុខ សុវត្ថិភាព និងមើលថែទាំព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

លោកអភិបាលខេត្តបន្តថា ចំពោះមុខនេះ នៅពេលបងប្អូនត្រលប់ទៅវិញ ត្រូវបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បន្តទៀត និងត្រូវយកសំណាកធ្វើតេស្តម្តងទៀតក្នុងរយៈពេល១៣ថ្ងៃបន្ទាប់ពីចាកចេញទៅនេះ ហើយសូមធ្វើជាពលរដ្ឋគម្រូ ក្នុងការចូលរួមផ្សព្វផ្សាយអំពី វិធានអនាម័យនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីគឺ «៣ការពារ និង៣កុំ»៕