(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិកាចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ហើយមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងចៅសង្កាត់បឹងត្របែកផងដែរ។

មនុស្សចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ច្រើនគ្រួសារ បានទទួលអំណោយកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

លោក ថេង សុថុល បានថ្លែងថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់។

នាឱកាសនោះ លោក ថេង សុថុល បាននាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ លោកបានលេីកឡេីងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

បានបានថ្លែងថា ថ្ងៃនេះទោះបីជំងឺកូវីដ១៩ មានការថមថយចុះបន្តិចក្តី ហើយមានអ្នកជាសះស្បើយជាង ១០០០នាក់ ក៏ដោយ ក៏លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

លោក សុន សិទ្ធី នាយករដ្ឋបាល ខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនដល់មនុស្សចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣០គ្រួសារ នាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ, ម៉ាស ២៥សន្លឹក និងថវិកា ២០,០០០រៀលផងដែរ៕