(ភ្នំពេញ)៖ ដូចការគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំស្ដីពី «លទ្ធផលការចូលរួម នៃយុទ្ធនាការអប់រំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងការីករាលដាល នៃជំងឺកូវីដ១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ» ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានការចូលរួមពីលោក សាយ សំអាល់ អនុប្រធាន និងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ សមាជិក សមាជិកា នៅស.ស.យ.ក. វិស័យ និងស.ស.យ.ក. នៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ផ្តើមដំបូង ប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់សមាជិក សមាជិកា ស.ស.យ.ក.ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារ ប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ តាំងពីចាប់ផ្តើមការផ្ទុះឡើងនៃជំងឺនេះ និងជាពិសេស សមាជិក សមាជិកា រាជធានីភ្នំពេញ និងវិស័យ ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងដំណាក់កាលចុងក្រោយដែលភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់។

ក្នុងរបាយការណ៍ជូនអង្គប្រជុំ លោក សាយ សំអាល់ បានលើកឡើងថា ជំនួយរបស់ស.ស.យ.ក. ត្រូវបានបែងចែកទៅដល់បងប្អូនគ្រប់មជ្ឈដ្ឋានរួមមាន សមាជិក សមាជិកា ប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។ ទន្ទឹមនឹងនោះ វត្តមានរបស់សមាជិក សមាជិកា ស.ស.យ.ក. នៅតាមបណ្តាទីតាំងនានា ដូចជាកន្លែងចាក់វ៉ាក់សាំង ទីតាំងយកសំណាកជាដើម ត្រូវបានទទួលស្គាល់ពីសមត្ថភាព និងភាពម្ចាស់ការ ដោយអាជ្ញាធរដែលបំពេញការងារនៅទីនោះ។

ជាការចូលរួម ស.ស.យ.ក. មូលដ្ឋានបានលើកឡើងចំណុចខ្លាំងរបស់ក្រុមការងារ ដែលនោះគឺការគិតគូរដល់សុវត្ថិភាពជាចម្បងចំពោះសមាជិក សមាជិការបស់ខ្លួន ដែលត្រូវចុះផ្ទាល់នៅតាមទីតាំងដែលមានហានិភ័យ។

ឆ្លងតាមការរាយការណ៍ពីបទពិសោធន៍ការងារចូលរួមកន្លងមករបស់ខណ្ឌ និងវិស័យលើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ស.ស.យ.ក. សង្កេតឃើញថា នៅដំណាក់កាលចុងក្រោយនេះ ការឆ្លងរាលដាលក្រោយផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈនេះ មានការឆ្លងលឿន ដែលទាមទារឲ្យសមាជិក សមាជិកា ដែលបំពេញភារកិច្ចត្រូវមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការឆ្លងជំងឺនេះក្នុងពេលបំពេញភារកិច្ច។

ទោះជាយ៉ាងនោះក្តី សមាជិក សមាជិកា ស.ស.យ.ក. មិនបានរាថយ និងបានខិតខំប្រឹងប្រែងជំនះភាពភ័យខ្លាចទាំងឡាយបានដោយជោគជ័យ។ ជាលទ្ធផលសម្រេចបានការចូលរួមរបស់ ស.ស.យ.ក. ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ ទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាមួយនឹងជោគជ័យដ៏ធំធេងនេះ លោក ហ៊ុន មានី ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាឲ្យបន្តថែរក្សាស្មារតី ២ ធ្នូ ដែលជាការដាក់ផលប្រយោជន៍ខ្លួនឯង និងក្រុមដោយឡែក ហើយរួបរួមគ្នាដាក់ផលប្រយោជន៍ប្រទេសជាតិជាចំបង។

ម្យ៉ាងទៀត ក្នុងដំណាក់កាលដ៏លំបាកនេះ ការបន្តចូលរួមប្រកបដោយស្មារតី និងឆន្ទៈពីសំណាក់បងប្អូន ស.ស.យ.ក. គឺជាកត្តាគួបផ្សំដ៏មានសារៈសំខាន់ ក្នុងការឈានទៅយកឈ្នះលើជំងឺកូវីដ ១៩ និងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈជាស្ថាពរ៕