(សៀមរាប)៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅតំបន់ព្រៃលិចទឹកបឹងពារាំង ដែលស្ថិតនៅប៉ែកខាងក្រោមជាប់បឹងទន្លេសាប បានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណា អាជ្ញាធរអះអាងថា បានគ្រប់គ្រងស្ថានការណ៍បានមួយផ្នែកធំហើយ រីឯទំហំឆេះមានប្រមាណ៨ហិកតា។

អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរបានប្រើរថយន្តជាង១០គ្រឿង ដើម្បីជួយពន្លត់ភ្លើងនៅតំបន់បឹងពារាំង ដែលបានចាប់ផ្តើមឆេះតាំងពីចុងសប្ដាហ៍មុនមក។ លោកអះអាងថា ត្រឹមរសៀលថ្ងៃទី១៨ ខែឧសភា អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍បានប្រមាណ៨០ភាគរយហើយ និងបន្តត្រួតពិនិត្យកន្លែងខ្លះ ដែលមិនទាន់រលត់ទាំងស្រុងនៅជើងព្រៃ។

ទាក់ទងនឹងមូលហេតុនៃការឆេះព្រៃនេះ លោក នួន ពុទ្ធារ៉ា អះអាងថា អាជ្ញាធរមានពន្លឺខ្លះៗហើយ តែសុំមិនទាន់អត្ថាធិប្បាយ ដោយរង់ចាំអ្នកជំនាញនឹងធ្វើការបន្តដើម្បីបញ្ជាក់ឱ្យច្បាស់។

ជុំវិញភ្លើងឆេះនេះដែរ លោកអភិបាលក្រុងសៀមរាបរៀបរាប់ថា កាលពីឆ្នាំទៅក៏មានហេតុការណ៍ឆេះដូច្នេះថា គឺឆេះនៅតំបន់មានព្រៃធំៗ ដែលមានទំហំប្រមាណ៨ហិកតាដូចគ្នា ហើយអាជ្ញាធរប្រើពេល៨ថ្ងៃទើបអាចពន្លត់វិញបាន។ យ៉ាងណា លោកបញ្ជាក់ថា ព្រៃឈើដែលឆេះអំឡុងឆ្នាំទៅនោះ បានដុះឡើងវិញដូចពីមុនហើយ។

សូមរំលឹកថា បឹងពារាំង គឺបឹងធម្មជាតិមួយដ៏ធំក្នុងក្រុងសៀមរាប ដែលសម្បូរសត្វស្លាប និងត្រីមេពូជរាប់ពាន់ក្បាល។ ជាបឹងអភិរក្ស បឹងពារាំងតែងទទួលបានទេសចរជាច្រើនចូលទៅទស្សនា ពិសេសគឺជិះទូកទស្សនាហ្វូងសត្វស្លាបរាប់ម៉ឺនក្បាល និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត៕