(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤០នាក់ ករណីជាសះស្បើយចំនួន៤៤នាក់ ខណៈសរុបអ្នកពាក់ព័ន្ធក្នុង «សហគមន៍ ២០កុម្ភៈ» កើនឡើងដល់ ៣៨,៧៥៦នាក់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីខេត្តកណ្តាល បញ្ជាក់មកភ្នាក់ងារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែឧសភានេះ។

ប្រភពច្បាស់ការបានបញ្ជាក់ថា សម្រាប់អ្នកឆ្លងកូវីដ១៩ ទាំង៤០នាក់ខាងលើនេះ រួមមានមកពីបណ្ដាស្រុក-ក្រុង៖ ស្រុកពញ្ញាឮ ១០នាក់, ស្រុកអង្គស្នួល ៩នាក់, ស្រុកកោះធំ ៨នាក់, ក្រុងតាខ្មៅ ៧នាក់, ស្រុកកណ្ដាលស្ទឹង២នាក់, ស្រុកស្អាង ១នាក់, ស្រុកលើកដែក ១នាក់, អ្នកផ្ទេរពីស្រុកកោះធំ និងភ្នំពេញចំនួន ២នាក់បន្ថែមទៀត។

រីឯចំនួនអ្នកជំងឺដែលបានជាសះស្បើយទាំង៤៤នាក់វិញរួមមាននៅស្រុកអង្គស្នួល ២៦នាក់, ក្រុងតាខ្មៅ ៧នាក់, ស្រុកពញ្ញាឮ ៦នាក់, ស្រុកល្វាឯម ១នាក់, ស្រុកលើកដែក ១នាក់, ស្រុកកណ្ដាលស្ទឹង ១នាក់, ស្រុកកៀនស្វាយ ១នាក់ និងស្រុកខ្សាច់កណ្ដាល ១នាក់។

ប្រភពដដែលបានបន្តថា សម្រាប់អ្នកត្រូវធ្វើចត្តាឡីស័កវិញបែងចែកជា២ គឺនៅតាមផ្ទះ និងនៅតាមមណ្ឌល ខណៈដែលអ្នកត្រូវធ្វើនៅតាមមណ្ឌលមានចំនួន ៨៣៧នាក់ រីឯអ្នកត្រូវធ្វើនៅតាមផ្ទះមានចំនួន ១៥,៤០២នាក់។ សម្រាប់អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅមណ្ឌលមានចំនួន ៥,៣២២នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ១៦,០៣៤នាក់។

ក្នុងនោះសម្រាប់អ្នកដែលពាក់ព័ន្ធជាមួយនឹង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមានចំនួនជិត៤ម៉ឺនម្នាក់នោះ ក៏ទទួលបានអំណោយលោកអភិបាលខេត្តកណ្ដាល និងពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ផងដែរ។

សូមជម្រាប គិតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្តាល មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៤១៥នាក់ និងមានអ្នកជំងឺជាសះស្បើយចំនួន ១,៤០៣នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»៕