(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញពីឆន្ទៈពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស និងប្រជាជននៃប្រទេសទាំងពីរ ដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ឆន្ទៈខាងលើបានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក ឡេ ហាយជុង (Le Hoai Trung) ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការថ្លែងការណ៍ របស់លោក ប្រាក់ សុខុន លើបណ្ដាញសង្គម Facebook ។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានអបអរសាទរចំពោះលោក ឡេ ហាយជុង ដែលត្រូវបានថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំង ជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលពិតជាបានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់និងទំនុកចិត្តពីសំណាក់បក្សកុម្មុយនីស្ត វៀតណាម មកលើបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្វរបស់លោកក្នុងកិច្ចការបក្ស និងរដ្ឋាភិបាល។

លោក ប្រាក់ សុខុន ព្រមទាំងបានសំដែងសារជាថ្មីនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

លោក ប្រាក់ សុខុន ក៏បានអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ ជំងឺរាតត្បាតកូវីដ១៩ ហើយដែលសម្រេចបានកំណើតសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ ក្នុងខណៈដែលពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឱនភាពខ្លាំង។

លោកក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕