(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចផ្អាកជាបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កសណ្ឋាគារ អូរត្រេះហៀល រេស៉ីដេន ដែលមានទីតាំងនៅក្រុមទី៥២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយរកឃើញភ្ញៀវកើតជំងឺកូវីដ១៩។

ក្នុងលិខិតផ្ញើទៅកាន់ម្ចាស់សណ្ឋាគារនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលខេត្ដព្រះសីហនុ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់បុគ្គលិក និងភ្ញៀវដទៃទៀត រដ្ឋបាលខេត្តសម្រេចផ្អាកជាបណ្ដោះអាសន្ន ដំណើរការអាជីវកម្មសណ្ឋាគារនេះ រយៈពេល១៤ថ្ងៃ ចា់បពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងរយៈពេល១៤ថ្ងៃនេះ តម្រូវឲ្យម្ចាស់ទីតាំង សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត យកទៅវិភាគរកមេរោងកូវីដតាមការកំណត់។

ចំពោះបុគ្គលិកទាំងអស់របស់សណ្ឋាគារ ត្រូវផ្អាកការចេញ-ចូល ហើយនៅក្រោយពេលបានលទ្ធផលសំណាករួចរាល់ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ នៅកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា រង់ចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាកអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលបញ្ជាក់ជាផ្លូវការ ទើបអាចបញ្ចប់ការធ្វើចត្ដាឡីស័ក តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕