(ភ្នំពេញ)៖ លោក លោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានវាយប្រហារ និងព្រមានធ្ងន់ៗដល់សារព័ត៌មាន និងអ្នកច្បាប់ខ្លះ ដែលបន្តធ្វើកន្ទបខ្ចប់លាមក៍ឲ្យលោក កឹម សុខា ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ស្រីមុំ ដែលជាជាងធ្វើក្រចក និងលាបថ្នាំសក់ នៅហាងកាត់សក់ «ខ្មែរអង្គរ» ម្តុំវិមានឯករាជ្យ។

ប្រធានគណបក្សអំណាចខែ្មរ បានវាយប្រហារទៅលើសារព័ត៌មាន, អ្នកច្បាប់, អ្នកវិភាគមួយចំនួនថា បានព្យាយាមបិទបាំងរឿងដ៏អាក្រក់របស់លោក កឹម សុខា ដោយព្យាយាមលើកយកមាត្រា៣០១ នៃច្បាប់ព្រហ្មទណ្ឌ និយាយពីបទស្តាប់ ឬថតពាក្យសំដីឯកជន នោះមកធ្វើជាលេសបង្វែស្ថានការ រួចគេចវេស មិនព្រមធ្វើការសួរដេញដោល កឹម សុខា ថា សំឡេងដែលបើកធ្លាយនោះ ជាសំឡេងរបស់ខ្លួនពិត ឬមិនពិត។ បើ កឹម សុខា ហ៊ានប្រកែកថា វាមិនមែនជាសំឡេងរបស់ខ្លួន ម្តេចក៏មិនប្តឹងការពារខ្លួន និងរកយុត្តិធម៌ឲ្យខ្លួនឯង?

លោក សួន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា មាត្រា៣០១ វាគខ័ណ្ឌទី២ សរសេរថា៖ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលបានពាក់ព័ន្ធនេះ បានទទួលដំណឹងពីការស្តាប់ ឬថតហើយ បុគ្គល់នោះមិនមានជំទាស់ទេនោះ»

ចុះម្តេចក៏អ្នកច្បាប់ និងសារព័ត៌មានកន្ទប ព្រមទាំងអ្នកវិភាគពពុះសាប៊ូ មួយចំនួននៅតែមិនព្រមទទួលការពិត។ ជាអ្នកច្បាប់ ជាអ្នកសារព័ត៌មាន និងជាអ្នកវិភាគ ពួកទាំងអស់នោះមិនមែនមនុស្សរៀនមិនចប់បឋមសិក្សា ឬជាមនុស្សឆ្កួតវិកល់ចរឹតនោះទេ។ តែពួកនេះជាប្រភេទថ្នាំពុល ដែលបន្លំខ្លួនក្នុងដបថ្នាំប៉ូវ ដើម្បីបោកបញ្ឆោតសម្លាប់អ្នកប្រើប្រាស់។ ក្នុងករណីនេះ ពួកនេះព្យាយាមធ្វើជាកន្ទបខ្ចប់លាមក៍ឲ្យ កឹម សុខា ដើម្បីបិទបាំងការពិត មិនឲ្យពលរដ្ឋខ្មែរដឹងការពិតហើយ ឆ្លៀតយកច្បាប់មួយកំណាត់ មកគំរាមអ្នកហ៊ានបើកបង្ហាញការពិតថែមទៀត ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា៖ ខ្ញុំសួរថា បើអ្នកច្បាប់ អ្នកសារព័ត៌មាន និងអ្នកវិភាគកន្ទបរបស់ កឹម សុខា ទាំងអស់នេះខ្លាំងលើកយក មាត្រា៣០១ មួយកំណាត់មកអះអាង យ៉ាងនេះម្តេចក៏ស្ងាត់មាត់ជ្រាប មិនហ៊ាននិយាយ កាលពីពេល ហ៊ុន សែន បង្ហាញសំឡេងថតការ សន្ទនាជាមួយ សម រង្ស៊ី?។

សូមជំរាបថា ជុំវិញរឿងអាស្រូវដ៏រសើបរបស់លោក កឹម សុខា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្ទើរទាំងអស់ បានតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកការពិតថា តើសម្លេងបែកធ្លាយលើបណ្តាញសង្គមនោះ ជាសម្លេងលោក កឹម សុខា ជាមួយកញ្ញា ស្រីមុំ ឬយ៉ាងណា? ទោះបីជា កញ្ញា ស្រីមុំ ធ្វើការបដិសេធថា មិនសម្លេងរបស់នាងក៏ដោយ ក៏ប្រជាពលរដ្ឋទូទាំងប្រទេស និងនៅក្រៅប្រទេស នៅតែអះអាងថា សម្លេងក្នុងខ្សែអាត់ និងសម្លេងខាងក្រៅគឹជាមនុស្សតែមួយ បូករួមទាំងថៅកែហាងកាត់សក់របស់នាង (ទួន សុជាតិ) ក៏បានអះអាងថា សម្លេងនោះគឺជាសម្លេងរបស់ស្រីមុំផងដែរ៕