(សៀមរាប)៖ តូបលក់ដូរឥវ៉ាន់ចាប់ហួយ ចំនួន១៣តូប នៅផ្សារបឹងខ្ចង ស្ថិតនៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវភ្លើងឆេះបំផ្លាញគ្មានសល់ នៅយប់វេលាម៉ោង​ទាបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយមានការអន្តរាគមន៍ពីសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋ ជាង១ម៉ោងកន្លះ រួចមក។

លោក ជា ចាន់ឌី នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានថ្លែងប្រាប់ អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋមួយគ្រួសារ ភ្លេចពន្លត់ភ្លើងចង្ក្រាន ក៏ឆេះរីករាលដាល ហើយបន្តឆេះទៅធុងហ្គាស នាំឲ្យភ្លើងឆេះកាន់តែខ្លាំង។ លោកបានបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋ ប្រើគោយន្តដឹកទឹក ចំនួន៩ជើង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមួយគ្រឿងទៅជួយបាញ់ពន្លត់ ទើបរលត់ទៅវិញ រយ:ពេលជាង១ម៉ោងកន្លះ ក្រោយឆេះនៅវេលាម៉ោង ២:៤០នាទីយប់រំលងអាធ្រាត្រ។

យ៉ាងណាក៏ដោយ លោក ជា ចាន់ឌី មិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតនោះទេ តែបើតាមសេចក្តីរាយការណ៍ គឺអាចអស់ខ្ទង់ពាន់ដុល្លារ ពីព្រោះតូបលក់ដូរខ្លះ ត្រូវភ្លើងឆេះខ្ទេច ខណ:ដែល​តូបខ្លះ​ត្រូវបានម្ចាស់តូប បានជញ្ជូនចេញផងដែរ ។ សម្រាប់គ្រោះអគ្គិភ័យនេះដែរ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ ៕