(ភ្នំពេញ)៖ ប្តី-ប្រពន្ធ២នាក់ ដែលប្តីរកស៊ីរត់ម៉ូតូឌុប និងប្រពន្ធធ្វើការ នៅរោងចក្រកាត់ដេរ ទំនងរកលុយចាយមិនគ្រប់ស្រាប់តែនាំគ្នា ទៅជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ចាប់វាយខ្នោះនៅវេលាម៉ោងយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅការ៉ាស់សាំងតេលា ផ្លូវទំនប់កប់ស្រូវ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ លោក ភួង សុភី បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះថា «ខណៈកម្លាំងយើងកំពុងចុះល្បាត ស្រាប់តែប្រទះ​ឃើញ ជនសង្ស័យទាំង២នាក់ ជាប្តី-ប្រពន្ធ ពេលនោះយើង បានត្រួតពិនិត្យក៏រកឃើញថ្នាំញៀនតែម្តង៤៤កញ្ចប់»។ លោក ភួង សុភី បានបញ្ជាក់ថា ពួកគេទាំង២នាក់ គឺជាជនជួញដូរគ្រឿងញៀនយ៉ាងសកម្ម តាមមូលដ្ឋាន ដែលតែងតែធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ហើយមានបក្ខពួកផ្សេងទៀត ដែលមកទទួល ថ្នាំញៀនពីពួកគេ។ ជនសង្ស័យជាប្តីឈ្មោះ លី ឈឿន អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិប៉ើសពី ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងជនសង្ស័យប្រពន្ធ ឈ្មោះ ជាមុំ អាយុ៤២ឆ្នាំ មុខរបរកម្មការិនី បច្ចុប្បន្នស្នាក់នៅជាមួយគ្នា។ ក្រោយពីចាប់ខ្លួនកម្លាំងអាវុធហត្ថ ក្រៅពីដកហូតថ្នាំញៀនចំនួន៤៤កញ្ចប់នោះ កម្លាំងក៏បានដកហូតលុយ ម៉ូតូមួយគ្រឿង និងប្រដាប់ជក់គ្រឿងញៀន មួយចំនួនទៀត។ ជនសង្ស័យទាំងពីរនាក់ប្តី-ប្រពន្ធ ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន អ.ហ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

លោក ភួង សុភី បានថ្លែងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លើការពង្រឹងបញ្ហាសន្តិសុខ និងបង្ក្រាបបទល្មើស តាមមូលដ្ឋាននោះ លោកបានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួន ចុះល្បាតទាំងថ្ងៃទាំងយប់ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ៕