(សៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងក្រុមការងារ សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខ អ្នកស្រី ឃុន ណារី ហៅយាយស្វិត អាយុ ៦៥ឆ្នាំ ជាតារាសម្តែងជំនាន់ដើម កំពុងមានជំងឺក្រិនថ្លើមប្រភេទ B និងទៀចទឹកធ្ងន់ធ្ងរ ហើយកំពុងតែជួបបញ្ហាខ្វះខាត គ្មានលទ្ធភាពព្យាបាលជំងឺ សព្វថ្ងៃរស់នៅក្រុងសៀមរាប ខេត្តសៀមរាប ជាមួយប្តីជាយោធិនពិការ ដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា នៃសាលាយោធានយោបាយតំបន់៤។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេច តែងគិតគូរពីផលលំបាករបស់​ប្រជាពលរដ្ឋ​ទូទៅ​ដែលជួបការលំបាកខ្លាំង ដោយមិនលំអៀង មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានផ្តល់អំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារអ្នកស្រី ឃុន ណារី ដែលរួមមាន៖ អង្ករ ១០០គក្រ មីយើង ៤កេស ត្រីខ ៥០កំប៉ុង ទឹកដោះគោឆៅ ១កេសធំ ទឹកផ្លែឈើ ២កេស ទឹកសុទ្ធ ២កេស មុង២ ភួយ២ សារុង២ ក្រម៉ា២ និងថវិកាមួយចំនួនផងដែរ ។

សូមបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ អ្នកស្រី ឃុន ណារី បានចូលសិល្បៈជិត ២០ឆ្នាំហើយ ដោយរឿងដែលអ្នកស្រីថត ភាគច្រើនដើរតួសម្តែងជាម្តាយ ម៉ែដោះ ឬតួយាយជាដើម។ ប៉ុន្តែពេលនេះ អ្នកស្រី មានជំងឺធ្ងន់ធ្ងរ មិនអាចសម្តែងបានទៀតទេ ខណៈដែល អ្នកស្រីកំពុងសម្តែងឱ្យស្ថានីយ៍ទូរទស្សន៍ CTN ក្នុងរឿង «កុលាបបួនទង» និងថតឱ្យផលិតកម្ម ចក្រវ៉ាពេជ្រ គឺរឿង «ស្ទឹងស្នេហា»។ ហេតុនេះ មានតែការអំពាវនាវ សុំក្តីសណ្តោសប្រណី ពីសំណាក់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងសប្បុរសជនតែប៉ុណ្ណោះ ៕