(កំពង់ចាម)៖ នៅវត្តពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ មានពិធីបុណ្យចម្រើនព្រះជន្មស្រោចសុគន្ធវារី ប្រគនព្រះតេជគុណ ច្រឹង ម៉ៅ ព្រះចៅអធិការវត្តក្នុងព្រះជន្ម វស្សាគម្រប់១០៥វស្សា រួមទាំងឆ្លងសមិទ្ធផលនានា និពូទ្ធាភិសេកក្រោមអធិបតីភាព លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលជាប្រធានក្រុមការងារចុះជួយស្រុកកងមាស លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល និងក្រុមការងារ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណជិត១០០០នាក់។

ក្នុងកម្មវិធីសាសនាមួយនេះ លោក មិន ឃិន បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ធ្វើឲ្យប្រទេសមានការរីកចម្រើនឥតឈប់ឈរ រហូតមកដល់ពេលនេះ អ្វីៗមានគ្រប់យ៉ាង ហើយរដ្ឋាភិបាលកំពុងតែធ្វើកំណែរទម្រង់ស៊ីជម្រៅ ដើម្បីឲ្យទាន់ការអភិវឌ្ឍនៃ សកលភាវូបនីយកម្ម លើសកលលោកយើងនេះ។

ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី សូមឲ្យបងប្អូនប្រជាពុទ្ធបរិស័ទសាមគ្គីគ្នាប្រឹងប្រែង ប្រកបការងាររបស់ខ្លួនដើម្បីបង្កើនជីវភាពរបស់ខ្លួន និងបានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនដល់កម្មវិធីនេះផងដែរ៕