(ក្រចេះ)៖ មានហេតុការណ៍មួយ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជាច្រើននាក់ បានរត់ទៅចោមរោមមើល ក្រោយពីបុរសម្នាក់ បានបើករថយន្តបុកមនុស្សស្លាប់ ស្រាប់តែភ័យពេក ក៏បើករថយន្តប្រុងរត់គេចខ្លួន រួចហើយក៏លោតទឹកសម្លាប់ខ្លួនតែម្តង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិរការកណ្ដាល សង្កាត់-ក្រុង-ខេត្តក្រចេះ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh Newsថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តសាំយ៉ុង បើកបុកស្ត្រីវ័យចំណាស់ម្នាក់ កំពុងជិះកង់តាមផ្លូវ​បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។ ក្រោយកើតហេតុ អ្នកបើករថយន្តមានការភ័យស្លន់ស្លោរ ក៏បើករថយន្តគេចខ្លួន តែមិនស្គាល់ផ្លូវច្បាស់សាល់ ដល់ចំណុចផ្លូវទាល់ ក៏ចុះពីរថយន្តលោតចូលទឹកទន្លេ បណ្ដាឲ្យលង់ស្លាប់តែម្តង។ ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដើម្បីស្រង់សពជនរងគ្រោះមកលើគោកវិញ៕