(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី បានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចចំរុះខណ្ឌក្រោម​ការដឹកនាំពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលស្ដីទីខណ្ឌនាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៦នេះ បានចុះអនុវត្តទប់ស្កាត់ដោយបានផ្អាក​ការសាងសង់របងទៅលើការដ្ឋានសំណង់មួយកន្លែង ដែលបានសង់រំលោភលើគម្រោងបើកផ្លូវលេខ១៧២៩ តភ្ជាប់មកផ្លូវលេខ១៨០០ ក្នុងតំបន់អភិវឌ្ឍន៍​ឫស្សីកែវ ដែលបច្ចុប្បន្នអាជ្ញាធរជាតិកំពុង​បន្តដោះស្រាយវិវាទដីធ្លីនេះ។

មន្ត្រីសាលាខណ្ឌឫស្សីកែវបានបញ្ជាក់ថា ម្ចាស់ការដ្ឋានសំណង់ឈ្មោះ សិន ជ្រោយ បានបើកការដ្ឋានសំណង់ធ្វើរបងមួយកន្លែងដែលបានសង់រំលោភលើគម្រោងបើកផ្លូវលេខ១៧២៩ តភ្ជាប់មកផ្លូវលេខ​១៨០០ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលបច្ចុប្បន្នអាជ្ញាធរជាតិ កំពុងបន្តដោះស្រាយវិវាទដីធ្លីដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧២៩ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកវ ។ មន្ត្រីសាលាខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ពេលចុះផ្អាកទប់ស្កាត់ការដ្ឋាន​សំណង់ខាងលើនេះ ខណៈម្ចាស់ការដ្ឋាន​សំណង់លោក សិន ជ្រោយ រឹងរុះមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ទើបឈាន​ដល់ការដកហូតសម្ភារមួយចំនួនដែលបំរើឲ្យការងារសាងសង់របងរបស់លោក សិន ជ្រោយ មករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ។

អាជ្ញាធរខណ្ឌក៏បានណែនាំដល់ម្ចាស់ទីតាំងជាថ្មីម្ដងទៀត ក្នុងរយះពេល៤ថ្ងៃ​ដោយរាប់គិតពីថ្ងៃទី១២ ខែមីនា មកទល់ និងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ត្រូវរុះរើសំណង់របងថ្មខាងលើនេះ ចេញឲ្យអស់​ដោយ​រក្សាទុកស្ថានភាពដើមវិញ ប្រសិនបើម្ចាស់ការដ្ឋាន​រឹងរុះ​មិនព្រមអនុវត្ត តាមគោលការណែនាំ​របស់អាជ្ញាធរមូលដ្ឋាន ខណ្ឌឫស្សីកែវទេនោះ សាលាខណ្ឌនឹងចាត់វិធាន​ការរដ្ឋបាលដោយចុះធ្វើការ រុះរើដោយមិនទទួលខុសត្រូវលើការ​បាត់បង់ខូចខាតសម្ភារៈ​ផ្សេងៗឡើយ៕