(ភ្នំពេញ)៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងធម្មការ និងសាសនា មានពិធីបើកវគ្គការពារនិក្ខេបបទ ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា ២០១៥-២០១៦ ក្រោមអធិបតីភាព​ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការ ចូលរួមពីថ្នាក់ដឹកនាំសាស្ត្រាចារ្យ និស្សិតសរុបប្រមាណ៣០៩អង្គ/នាក់។

ក្នុងឱកាសសំណេះសំណាលនោះ លោករដ្ឋមន្ត្រីបានកោតសរសើរ ដល់គណៈគ្រប់គ្រង សាលាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជទាំងមូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការអប់រំដល់និស្សិត ឲ្យបានចប់ចុងចប់ដើម រហូតដល់បានជោគជយ័នៅថ្ងៃនេះ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីបានលើកឡើង ពីការយកចិត្តទុក្ខដាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះសូមប្អូនៗ ប្រឹងប្រែងកសាងខ្លួនក្លាយ ជាមនុស្សល្អមានចំណេះ ជំនាញ និង បទពិសោធន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា៕