(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមជំនាញ របស់ខ្លួន រហូតតាមចាប់ជនដៃដល់២នាក់ ជាកម្មករទូកនេសាទ ដែលជាប់ពាក់ព័ន្ធ អំពើឃាតកម្ម វាយនឹងពូថៅទៅលើតៃទូកនេសាទដូចគ្នា បណ្តាលឲ្យស្លាប់ ខណៈដែលពួកគេ បានចេញទៅនេសាទនៅលើផ្ទៃសមុទ្រ ក្បែរកោះក្រាស ក្នុងឃុំកោះស្តេច ស្រុកបទុមសាគរ ខេត្តកោះកុង។

ដំណឹងនៃអំពើឃាតកម្មនេះ ត្រូវបាន ថៅទូកនេសាទលោក ហេង សុគន្ធ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដែលបានទៅរាយការណ៍ជូននគរបាលរបស់លោក។ ថៅកែទូក រូបនេះ បានប្រាប់ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ទូកនេសាទរបស់ គាត់បានចេញ ទៅនេសាទលើផ្ទៃសមុទ្រក្បែរកោះក្រាស ដោយនៅលើទូកមានកម្មករ៣នាក់ រួមមាន ជនរងគ្រោះឈ្មោះ រ៉ា អាយុ៤៤ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ស្ពឺ ជាតៃកុងទូក រួមជាមួយជនដៃដល់ទាំង២នាក់ រួមមានទី១ឈ្មោះ លឹម លុច អាយុ២៤ឆ្នាំ រស់នៅ សង្កាត់១ ក្រុងព្រះសីហនុ និងទី២ឈ្មោះ លឹម ធា អាយុ២១ឆ្នាំ មានស្រុកកំណើត ភូមិអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះ និងជនដៃដល់ទាំង៣នាក់ កើតមានជម្លោះជាមួយគ្នា រហូតជនទាំង២នាក់ បានយកពូថៅដៃវាយតៃកុងទូកចំក្បាល២ពូថៅ។ ពេលនោះ តៃកុងទូកបានលោតចុះពីទូក ហើយកម្មករទូកទាំង២នាក់ បានកាត់ខែ្សយុត្តិកាទូករួចបើកទូកយកមកទុក ចោលនៅកោះស្តេច ហើយនាំគ្នាឡើងជិះរថយន្តគេចខ្លូន។

ចំណែកជនរងគ្រោះ ជាតៃកុងទូកបានស្លាប់ ដោយរកឃើញសពអណ្តែតនៅជិតកោះ ក្រាស។ លោកឧត្តមសេនីយ៍ ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយពីទទួល បានព័ត៌មានពីថៅកែទូក កម្លាំងជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវជាបន្ទាន់ និងឈានទៅចាប់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់នៅថ្ងៃនេះ ក្នុងនោះជនសង្ស័យ ឈ្មោះ លឹម ធា ចាប់បាននៅម៉ោង៨៖០០នាទីព្រឹក នៅភូមិអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ហើយជនសង្ស័យឈ្មោះ លឹម លុច ចាប់បាននៅម៉ោង ៣៖០០នាទីរសៀល ថ្ងៃដដែលនេះនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

នៅពេលនេះ ជនសង្ស័យទាំង ២នាក់ ស្ថិតក្រោមការសាកសួរនៅ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕