(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សសង្រ្គោះជាតិ (CNRP) ជាច្រើនរូប បាននិងកំពុងនាំគ្នាចេញទៅប្រទេសហ្វីលីពីន  ដើម្បីជួបពិភាក្សាការងារមួយចំនួនជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស។ ដំណើរទៅជួបលោក សម រង្ស៊ី របស់ថ្នាក់ដឹកនាំជាន់ ខ្ពស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងភ្លាមៗ គ្រាដែលលោក កឹម សុខា អនុប្រធានស្តីទីបក្ស ត្រូវបានស្អុយកេរ្តិ៍យ៉ាងខ្លាំងជាមួយ រឿងអាស្រូវស្នេហ៍ ដែលត្រូវបានគេទម្លាយលើទំព័រ Facebook «រឿងពិត CNRP» ជាបន្តបន្ទាប់នោះ។

លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងនៅលើ Facebook របស់លោក ដោយភ្ជាប់ជាមួយរូបភាពនៅលើ យន្តហោះនៅព្រលានយន្តហោះខេត្តសៀមរាបនាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះថា «បន្តិចទៀត ក្រុមហ៊ុន យន្តហោះ CEBU PACIFIC នឹងនាំយើងខ្ញុំ ទៅជួបលោកប្រធាន សម រង្ស៊ី នៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន»។

បើតាមទំព័រ Facebook របស់លោក អេង ឆៃអ៊ាង សមាជិកជាន់ខ្ពស់សង្រ្គោះជាតិ ដែលចេញទៅជួបលោក សម រង្ស៊ី នោះ មានដូច ជា លោក អ៊ូ ចាន់រិទ្ធ និង លោក ថាច់ សេដ្ឋា ជាដើម។

ក្នុង Facebook លោក អេង ឆៃអ៊ាង មិនបញ្ជាក់ថា ការចាកចេញទៅនេះមានលោក កឹម សុខា ដែរឬយ៉ាងណានោះទេ។ តែបើតាម លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី០៩ ខែមីនា ឲ្យដឹងថា លោក កឹម សុខា ក៏នឹងចេញទៅជួបលោក សម រង្ស៊ី នៅហ្វីលីពិនផងដែរ។

លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានឲ្យដឹងផងដែរថា ការជួបជុំគ្នានៅប្រទេសហ្វីលីពីននេះ ដើម្បីពិភាក្សាកិច្ចការផ្ទៃក្នុងបក្សមួយចំនួន ហើយ ក៏គ្មានប្រធានបទអ្វីក្រៅពីការពង្រឹងការងារបក្សនោះឡើយ។

បើទោះបីជាយ៉ាងណា មានការកត់សម្គាល់ថា ការបើកកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងនៅលើទឹកដី ដែលពួកគេបាន ចងសម្ព័ន្ធភាព (សិទ្ធិមនុស្ស-សមរង្ស៊ី) កាលពីឆ្នាំ២០១២នេះ គឺចំពេលដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ  កំពុងទទួលរងនូវការស្អុយកេរ្តិ៍ឈ្មោះខ្លាំង ក្នុងរឿងអាស្រូវស្នេហា ដែលត្រូវបានគេលួចទម្លាយជាបន្តបន្ទាប់នោះ៕