(ព្រះសីហនុ)៖​ លោក​ ហេង​ ប៊ុនទី​ មេបញ្ជារការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមពាក្យបណ្តឹង របស់តំណាងក្រុមហ៊ុន​ អុយញ៉ុង​ មានចោរលួចកាត់សៀលទូរកុងតឺន័រ​ លួចសម្ភារ​នៅក្នុងទូរ​នោះ ទើបរសៀលថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០១៦​  កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ​ បានពួនស្ទាក់ និងឆែក​ទូកុងតឺន័រ​ របស់ក្រុមហ៊ុ​ន នៅចំនុចគីឡូម៉ែត្រ លេខ១៤៤​ -១៤៥ ស្ថិត​ក្នុងភូមិចំការហ្លូង ឃុំចំការហ្លូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្នុងការឃាត់រថយន្តកុងតឺន័រនោះ កម្លាំងអាវុធហ្ថបានឃាត់ខ្លួន ជនសង្ស័យ២នាក់​និងរថយន្តកុងទីន័រមួយគ្រឿងស្លាកលេខភ្នំពេញ 3B-4161 ខណៈដែលមន្ត្រីអាវុធហត្ថឈរឆែក​ គឺជនសង្ស័យដែលជាអ្នកបើក និងព្រូ របស់ក្រុមហ៊ុនអ៊ុយញ៉ុង​បានឈប់រថយន្តរួចរត់ចូលព្រៃ ភ្លាមៗកម្លាំងអាវុធហត្ថ បានដេញចាប់បានទាំង២នាក់មកវិញ។ ​ បន្ទាប់ពីឃាត់ខ្លួនបានហើយ កម្លាំងបានឆែកឃើញលុយ ចំនួ​ន​៤០០០​ដុល្លារ​ និងថ្នាំញៀន២កញ្ចប់​។

ក្រោយពីឆែកឃើញលុយ និងថ្នាំញៀនដែលគួរឲ្យ​សង្ស័យ​ជនទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជួនមកកាន់ទីបញ្ជារការ ដើម្បីរង់ចាំតំណាងក្រុមហ៊ុន​ មកត្រួតពិនិត្យ និងកាត់សៀលកុងតឺន័រមើល ដើម្បីបញ្ជាក់ការពិត៕​