(បាត់ដំបង)៖ គិតទៅចោរធ្វើសកម្មភាពមិនរើសមុខមែន! កុំថាឡើយផ្ទះប្រជាពលរដ្ឋធម្មតា ឬផ្ទះឧកញ៉ា មហាមន្រ្តី ឲ្យតែមានឱកាស គឺពួកគេធ្វើសកម្មភាពមិនទុកមុខឲ្យឡើយ ជាក់ស្តែងនៅយប់មិញហាងលក់ទូរស័ព្ទជំនួយការផ្ទាល់របស់ លោក ចាន់ សុផល អភិបាលខេត្តបាត់ ដំបង ក៏ត្រូវបានចោរចូលគាស់លួចយកទូរស័ព្ទអស់ជាច្រើនគ្រឿង គិតជាទឹកប្រាក់ប្រមាណ ៦ម៉ឺនដុល្លារ។ ហាងទូរស័ព្ទ «ពិភពអេ ឡិចត្រូនិកលក់ទូរស័ព្ទ» របស់លោក ឈឹម សំប៊ុន ជំនួយការផ្ទាល់របស់អភិបាលខេត្តបាត់ដំបង ដែលត្រូវចោរគាស់យប់មិញនេះ  ស្ថិតនៅតាមបណ្តោយផ្លូវលេខ១ ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកស្រី ជូន ចាន់ចរិយា ភរិយាលោក ឈឹម សំប៊ុន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះថា គាត់មិនដឹងថា ក្រុមចោរបានធ្វើសកម្មភាពគាស់ចូលយកសម្ភារៈ ពីពេលណានោះទេ ដោយសារផ្ទះបើកអាជីវកម្មលក់ទូរស័ព្ទនេះ ត្រូវបិទទ្វារចោល នៅពេលលយប់។ លុះនៅព្រឹកថ្ងៃទី១៣ ខែមីនា ពេលលោកស្រី មកបើកទ្វារ ដើម្បីលក់ដូរ ក៏ស្រាប់តែឃើញទូរស័ព្ទស៊េរីទំនើប ជាច្រើនគ្រឿង មាន IPhone  Samsung Sony ជាដើម ដែលដាក់តាំងក្នុងទូរកញ្ចក់ ត្រូវបាត់ចេញស្ទើរតែទាំងស្រុង ទើបគាត់ដឹងថា មានចោរចូលលួច។

បើតាមលោកស្រី ជូន ចាន់ចរិយា ទូរស័ព្ទ ដែលចោរគាស់យកទៅ មានតម្លៃចន្លោះពី ៣០០ដុល្លារ ដល់ ៨០០ដុល្លារ។ លោកស្រី បានបញ្ជាក់ថា ទូរស័ព្ទ ដែលចោរលួចទៅនេះ មានតម្លៃសរុបប្រមាណ ៦ម៉ឺនដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមិនទាន់ដឹងថា ក្រុមចោរបានកាត់ជម្រឹងដែកទ្វារពីជាន់ខាងលើ រួចកាត់ទ្វារចុះមកដល់ជាន់ ក្រោម ដែលជាកន្លែងស្តុកទូរស័ព្ទ ហើយគាស់យកទូរស័ព្ទ រួចគេចខ្លួនតាមច្រកដែលពួកគេចូលមក។

បើទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានអះអាងថា ខ្លួនកំពុងធ្វើកោសល្យវិច័យ និងស្រាវជ្រាវតាមរកជនសង្ស័យយកមកផ្តន្ទា ទោសតាមច្បាប់៕