(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល បានប្រាប់សមាជិក​បក្សប្រជា​ជនកម្ពុជានៅមូលដ្ឋានថា  គ្មានគណបក្សណាដែលដឹងសុខទុក្ខប្រជាកសិករជាង​គណបក្សប្រជា​ជនកម្ពុជានោះទេ ព្រោះថ្នាក់នាំកំពូលរួម​មានសម្តេចតេជោ ហ៊ុន សែន ក៏បានកើតចេញ​ពីត្រកូល​កសិករ​ដូច​គ្នាដែរ ហើយគោលនយោបាយដឹកនាំ និងធនធានថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ល្អជាងលើសមេបក្សដ៏ទៃដាច់ឆ្ងាយគ្រប់យ៉ាង មានសមត្ថភាពគ្រប់គ្រាន់ ហើយមាន​ការគាំទ្រ​ពីប្រជាពលរដ្ឋ​យ៉ាង​ច្រើន ។

ដោយសារតែមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ នោះគណបក្សប្រជាជនកម្ពុជា​នឹងត្រូវបានបន្តឈ្នះឆ្នោត ពេលបោះឆ្នោតឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្ត​ការអភិវឌ្ឍន៍​ឲ្យកាន់តែរីកចម្រើនថែមទៀត ដូច្នេះក្រុមការហារម្នាក់ៗ​ត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែខ្លាំងជាងមុន។

ការថ្លែងបែបនេះ ខណៈដែលលោកបាន​អញ្ជើញជាអធិបតី ក្នុងពិធីសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ​ទាំងនៅឃុំអូរតាគី​ស្រុកថ្មគោល នារសៀលថ្ងៃទី១២និងព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ។

លោក សួស អង្គារ៍ ក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម ទាំងអស់ មកពី ភូមិនានា ឃុំអូរតាគី ក្នុងស្រុកបានជ្រាប ក្នុងពិធីសំណេះសំណាលនេះថា ពីប្រវត្តិគណបក្សប្រជាជន​កម្ពុជា​តែមួយ​គត់ ដែលបានខិតខំតស៊ូរំដោះជាតិមាតុភូមិ ចេញផុតពីសម័យដ៏ខ្មៅងងិត​សម្លាប់ជាតិឯង​ស្ទើរតែផុតពូជ​ទៅហើយនោះ និងប្រឹងប្រែងកសាង និងការពារប្រទេសជាតិមិន​ឲ្យធ្លាក់ក្នុងរណ្តៅ​បនប្រល័យពូជសាស្រ្តប៉ុល ពត ម្តងទៀត ដោយដៃម្ខាង ខិតខំកសាងនិងដៃម្ខាងទៀតខិតខំការពារ តាំងពីឆ្នាំ១៩៧៩ បាតដៃទទេ រហូតបានកសាង​មានសមិទ្ធិផល​ជាច្រើននិងភាពរីក​ចម្រើនដល់​សព្វថ្ងៃពិតៗ​ដោយមិនអាចប្រកែកបានឡើយ។

លោក សួស អង្គារ៍ បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ថា «គណបក្សប្រជាជន តែងប្រកាន់ខ្ជាប់នូវ គោលការណ៍ចំបង គឺធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍និងយកប្រជាជនជាធំ  និងដើម្បី​ប្រទេសជាតិយើង»។ គណបក្សប្រជាជនកម្ពុជា មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើង ឲ្យរីកច្រើន និងរុងរឿងដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅ ក្នុងសុខសន្តិភាព​បានយូរអង្វែង ជាពិសេសដើម្បី ធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនា របស់ជាតិយើង ដោយខ្លួនឯង ឯករាជ្យ ឯកភាពជាតិតែមួយ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

លោកបានស្នើដល់មន្រ្តីគណបក្សមូលដ្ឋានគ្រប់លំ​ដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវ​ចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយទុកផលប្រជាយោជន៍​ប្រជាពលរដ្ឋជាធំ ដើម្បីបន្តទាក់ទាញនូវ ការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវយើងបន្តខិតខំបម្រើនិងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជនឱ្យបានល្អ។

លោកក៏បានលើកឡើង និងធ្វើការវាយបកទៅលើបក្សប្រឆាំង​វិញផងដែរ ដែលតែងតែដើរឃោសនា​តាមមូលដ្ឋាន វាយប្រហារមក​លើគណបក្សប្រជាជនកម្ពុជា ដោយគ្មានមូលដ្ឋាន ខណៈគណបក្សខ្លួន​បាននិងកំពុង​ដើរនិយាយភូតកុហក់ ប្រជាពលរដ្ឋយើងរាល់ថ្ងៃ ដោយបក្សប្រឆាំងនោះមិនដែលបានកសាងសមិទ្ធិផលនិងធ្វើអ្វីសោះជូនប្រជាពលរដ្ឋយើងទេ បានត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ។

​លោកបានបញ្ជាក់ទៀតថា ដាច់ខាតគណបក្សប្រជាជនកម្ពុជា និងដណ្តើមជ័យជម្នះ​ការបោះឆ្នោតឃុំសង្កាត់២០១៧ និងបោះឆ្នោត សកលឆ្នាំ២០១៨ បន្តដឹកនាំប្រទេសជាតិនៅ​អាណត្តិជាបន្តបន្ទាប់​ទៀត ខណៈដែលគណបក្សប្រឆាំង កំពុងបែកបាក់ផ្ទៃក្នុង និងមានកំពុងមានរឿងអាស្រូវច្រើន ភូតកុហក់ប្រជាពលរដ្ឋយើងកន្លងមក និងបានលើកឡើងពីសភាពការជាតិ និងអន្តរជាតិមកជម្រាប​ជូនសមាជិកបក្សថា ប្រទេសកម្ពុជាកំពុងបោះ​ជំហ៊ានទៅមុខ ដោយប្រទេសធំៗ បានទទួលស្គាល់និងទុកចិត្តពីសុវត្តិភាពល្អ ដោយមានថ្នាំក់ដឹកនាំប្រទេសធំៗទាំងនោះបានមកទស្សនកិច្ច និងស្នាក់នៅ​ដោយសុវត្តិភាពផងដែរ។

​បន្ទាប់ពីសំណេះសំណាលចប់គណអធិបតីក៏បានជូនថវិកា​កំដរដៃដល់ប្រជាពលរដ្ឋជា សមាជិក សមាជិកាបក្សមកពីឃុំអូរតាគី​សរុបទាំងអស់ចំនួន១,១១៤នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺន​រៀល​និងឧត្ថមជូនទីស្នាការបក្សឃុំ​សម្រាប់ប្រើប្រាស់​ក្នុងការងារផ្សេងៗ​ចំនួន​៥០ម៉ឺនរៀលផងដែរ៕