(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះ នៅវេលាម៉ោងប្រមាណជាង៤៖០០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងគណៈប្រតិភូ បានអញ្ជើញត្រលប់មកដល់ទឹកដីកម្ពុជាវិញហើយ បន្ទាប់ពីបានពិភាក្សាការងារ ប្រកបដោយផ្លែផ្កា ជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវ។

សូមជំរាប​ថា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជាមួយប្រទេសឡាវ ដែលដឹកនាំដោយ លោក BounNhang VoraChith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមានប្រធានាធិបតីឡាវ (Ho-Kham)។

នៅក្នុងកិច្ចប្រជុំនេះ គឺភាគីកម្ពុជា-ឡាវ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបង្កើន និងពង្រឹងនូវចំណងមិត្តភាព ទំនាក់ទំនងពាណិជ្ជកម្ម ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ភាគី កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការឆ្នាំ ២០១៦-២០១៧ និងកំណត់ហេតុនៃអង្គប្រជុំកំពូល។

បន្ទាប់មកនៅល្ងាចថ្ងៃដដែលគឺភាគី ឡាវ បានរៀបចំពិធីលៀងសាយភោជន៍ ជូន សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទាំងអស់ ប្រកបដោយបរិយាកាសស្និទ្ឋស្នាលរីករាយក្រៃលែង ៕