(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចក្រោយត្រឡប់ពី បំពេញទស្សនកិច្ចនៅប្រទេសឡាវនាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះថា ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសឡាវបាននាំមក  នូវផលប្រយោជន៍ច្រើនសម្រាប់កម្ពុជា-ឡាវ ជាពិសេសជួយពង្រឹងទំនាក់ទំនង និង សហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់ តែ រឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងដំណើរបំពេញទស្សនកិច្ចការងារ ទៅកាន់ប្រទេសឡាវ ២ថ្ងៃនេះ គឺពិតជាមានសារ សំខាន់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងជំនួបផ្លូវការនោះ ថ្នាក់ដឹកនាំ នៃប្រទេសទាំង២ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ជាពិសេសផ្តោតលើទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជា-ឡាវ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេស ទាំងពីរ ឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត»

សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនេះ ក៏មានការជំរុញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និង កីឡា រួមទាំងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ក្នុងការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃសៅរ៍ ទី១២ ម្សិលមិញនេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ច នៅប្រទេសឡាវ តបតាមការអញ្ជើញរបស់លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing THAMMAVONG) នាយករដ្ឋមន្រ្តី នៃសាធារណ រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោកឧបនា យករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និង សមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។

សម្តេចតេជោ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅម៉ោងប្រមាណ ៤រសៀលថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦នេះ៕