(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាឲ្យចាប់ខ្លួននៅនឹងកន្លែង ប្រសិនបើអ្នកនយោបាយណា ដែលប្រើ ប្រជាភិថុតិ «លុបបំណុលប្រជាពលរដ្ឋ ពេលឈ្នះឆ្នោត» ពេលចុះឃោសនាបោះឆ្នោត ព្រោះបញ្ហានេះ ជារឿងបោកប្រាស់ល្មើសច្បាប់។

ការថ្លែងព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលប្រារព្ធឡើងនៅវិមានសន្តិភាព វេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោក ចំពោះបក្សនយោបាយលើកឡើងបែបនេះ ព្រោះទង្វើនេះជាការល្មើសច្បាប់ខុសពីបទបញ្ញាតិ ផ្នែកហរិញ្ញវត្ថុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ចឹងសុំផ្តាំទៅបក្សនយោបាយនានា កុំធ្វើអំពើថោកទាបដើរទៅបោកប្រជាពលរដ្ឋថា ប្រសិនបើឈ្នះឆ្នោត គឺគេនឹងលុបចោលនូវបំណុល។ នេះគឺជាការបំពានលើច្បាប់ហិរញ្ញវត្ថុ ចាប់ខ្លួននៅនឹងកន្លែងតែម្តងតំណាង រាស្រ្ត ក៏ត្រូវចាប់ដែរ ព្រោះអានឹងចាប់លើបទល្មើសជាក់ស្តែង។ វាហួសហេតុពេក ដើម្បីតែចំណេញនយោបាយបោកប្រាស់ប្រជា ពលរដ្ឋ សួរថាវាគ្រោះថ្នាក់ប៉ុណ្ណា អ៊ីចឹងចេះតែជំរុញឲ្យប្រជាពលរដ្ឋខ្ចីទៅទៀត»