(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់កំហិតឱ្យពលរដ្ឋមួួយក្រុម ត្រូវបញ្ឈប់សកម្មភាពចូលទន្ទ្រានកាន់កាប់ដី នៅលើទីតាំងដែលមានបណ្ណកម្មសិទ្ធិនៅស្រុកកៀនស្វាយ និងស្រុកស្អាងជាបន្ទាន់ ដោយតម្រូវឱ្យដកបង្គោលព្រំដី និងរុះរើផ្ទះ និងសំណង់នានា ឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋនៅឃុំបន្ទាយដែក ឃុំសំរោងធំ ឃុំគគីរ ស្រុកកៀនស្វាយ និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋបាលខេត្តបានទទួលបណ្ដឹងជាច្រើន និងរបាយការណ៍របស់រដ្ឋបាលស្រុកកៀនស្វាយ ដែលបានលើកឡើងអំពីការចូលទន្ទ្រានកាន់កាប់ដីបែបអណាធិបតេយ្យ ដោយមានការបោះបង្គោលព្រំដី និងសាងសង់ផ្ទះ នៅលើទីតាំងដីដែលមានបណ្ណកម្មសិទ្ធិរួចហើយ តាមរយៈលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

រដ្ឋបាលខេត្តកណ្តាល បានចាត់ទុកថា ទង្វើនេះ ជាការរំលោភបំពានទៅលើកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលត្រូវចាត់វិធានការដោះស្រាយជាចាំបាច់។

«រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានចូលធ្វើសកម្មភាពខាងលើ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ នៅលើទីតាំងដីដែលមានបណ្ណកម្មសិទ្ធខាងលើ ដោយត្រូវដកបង្គោលព្រំដី និងរុះរើផ្ទះ និងសំណង់នានា ឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។ ករណីមិនគោរពតាមការណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។ នេះបើតាមលិខិតដដែល។

បើតាមការអះអាងរបស់មន្រ្តីជំនាញដីដែលវិវាទនេះ ត្រូវបានដោះស្រាយចប់តាំងពីឆ្នាំ២០១៧ ហើយអាជ្ញាធរខេត្ត និងសុរិយោដី បានចុះរៀបចំបញ្ជីបណ្ណកម្មសិទ្ធិជូនពលរដ្ឋរួចជាស្ថាពរហើយតាំងពីពេលនោះម្ល៉េះ។

ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល គេសង្កេតឃើញថា ជនមួយក្រុមបានលើកគ្នាដោយទាមទារបណ្ណកម្មសិទ្ធិលើដីទាំងនោះ៕