(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យ នៃខេត្តព្រៃវែង ប្រទេសកម្ពុជា និងខេត្តតៃនិញ ប្រទេសវៀតណាម ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។
ពិធីប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យ នៃខេត្តព្រៃវែង និងខេត្តតៃនិញ ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ធ្វើឡើងក្រោមអធិបតីភាពលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយលោក សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានការចូលរួមកងកម្លាំងទាំង៣ មន្ទីរអង្គភាព, សាខាគយ និងរដ្ឋាករ។
បើតាមលោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
លោកបានបន្ថែមថា កម្ពុជាបានសហការជាមួយភាគីវៀតណាម ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការឆ្លងកាត់ និងការដោះដូរទំនិញលក្ខណៈព្រំដែន ពិសេសទំនិញផ្នែកកសិកម្មជូនប្រជាពលរដ្ឋ និងបានសហការជាមួយភាគីវៀតណាម ក្នុងការហាមឃាត់ដូចជាអំពើរត់ពន្ធ ឧក្រិដ្ឋកម្ម ការជួញដូរ និងបទល្មើសផ្សេងៗឆ្លងដែនខុសច្បាប់ និងបានសហការជាមួយភាគីវៀតណាម ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ១៩ ដែលកំពុងកើតមាននៅទូទាំងពិភពលោក ដោយអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ»។
លោក ជា សុមេធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ មន្ត្រីគយ មន្ត្រីប្រចាំការទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនេះ បានយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។
ជាមួយគ្នានេះអភិបាលខេត្ត បានណែនាំដល់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិមិនម៉ឺនជ័យនេះ ត្រូវបន្តខិតខំធ្វើការងារ ទាំងអស់នេះជាបន្តទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការជឿទុកចិត្តដល់ប្រជាពលរដ្ឋ ដែលគាត់ឆ្លងកាត់ក៏ដូចជាប្រជាពលរ ដ្ឋដែលគាត់ដឹកទំនិញកសិផលចេញចូល តាមច្រកទ្វារអន្តរជាតិនេះ។
លោកអភិបាលខេត្តបានបន្តថាចំពោះ ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជំរុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។
សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)- តឺនណាម (តៃនីង) នេះ ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាពេលខាងមុខ នៅក្រោយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។
ច្រកអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងថា នឹងសម្រួលដល់ការផ្លាស់ប្ដូរទំនិញ រវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមបង្កើនទំហំពាណិជ្ជកម្មរបៀបប្រទេសទាំងពីរផងដែរ៕