(ភ្នំពេញ)៖ មានចលនាដឹកកម្មករ កម្មការិនី ដែលបម្រើការងារតាមរោងចក្រនៅតាមខេត្តនានាចូលមកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ នាំឱ្យមានការព្រួយបារម្ភពីការចម្លងជំងឺពីតំបន់ប្រឈមក្នុងរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្ត ឬនាំពីតំបន់ប្រឈមនៅតាមខេត្តចូលមករាជធានីភ្នំពេញ។
ក្នុងដំណើរចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅតាមទីតាំងអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានបង្ហើបឱ្យដឹងថា មានចលនាដឹកកម្មករនៅតាមរោងចក្រពីតាមបណ្តាខេត្តដូចជាខេត្តកណ្តាល កំពង់ចាម និងកំពង់ឆ្នាំងជាដើម ចូលមកចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញ។
នៅព្រឹកមិញនេះនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួនតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ គេក៏បានរកឃើញកម្មករ កម្មការិនី ដែលចូលមកចាក់វ៉ាក់សាំងភាគច្រើន គឺមកពីតាមបណ្តាខេត្ត ហើយក៏មិនមែនជាអ្នកបម្រើការងារក្នុងរោងចក្រនៅខណ្ឌពោធិ៍សែនជ័យនោះដែរ។
តាមការសាកសួរជាមួយក្រុមកម្មករ កម្មការិនី ក្នុងចំណោមពួកគេនេះអ្នកខ្លះមកពីស្រុកអង្គស្នួល ខេត្តកណ្តាល និងខ្លះទៀត មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាតំបន់កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩។ ពួកគេត្រូវបានដឹកតាមរថយន្តក្រុងធំៗ និងរថយន្តតាក់ស៊ីប្រភេទសាំយ៉ុងជាដើម។
មេដឹកនាំក្រុមកម្មករម្នាក់មកពីស្រុកអង្គស្នួល បានគូសបញ្ជាក់ថា ពួយគេទទួលបានការរៀបចំ និងប្រគល់ប័ណ្ណចាក់វ៉ាក់សាំង ពីខាងរោងចក្រឱ្យចូលមកចាក់នៅក្នុងរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ ឥត សារ៉ាត់ មិនបានបញ្ជាក់ពីទិន្នន័យកម្មករ កម្មការិនី ពីខេត្តផ្សេងចូលមកចាក់ក្នុងរាជធានីភ្នំពេញនោះទេ។ ប៉ុន្តែលោកធ្លាប់បានបញ្ជាក់ថា ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ មានអត្រាកើនឡើងពីទិន្នន័យដែលអាជ្ញាធរផ្តល់លើកដំបូងនោះ រហូតដល់ទៅជាង ២០ម៉ឺននាក់។
សម្រាប់លោក ឥត សារ៉ាត់ ការដឹកកម្មករពីខេត្តផ្សេងចូលមកចាក់ក្នុងរាជធានីភ្នំពេញ នឹងបង្កទៅជាបញ្ហារីករាលដាលជំងឺកូវីដ១៩ ពីតំបន់ប្រឈម ទៅកន្លែងមិនប្រឈម។
លោក ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «បើយើងមកពពាក់ពពូនគ្នានៅទីនេះ វាបង្កើតជាបញ្ហា។ មានន័យថា ពីតំបន់លឿង ពីកន្លែងដែលវាអត់មានអីសោះ មកដល់តំបន់មានបញ្ហាស្មុគស្មាញឆ្លង ពីកន្លែងស្មុគស្មាញឆ្លង ទៅកន្លែងដែលគេអត់ឆ្លង។ នេះជាបញ្ហានាំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ពិបាកគ្រប់គ្រង»។
ដើម្បីគ្រប់គ្រងចលនានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញ ជួយកំណត់ឱ្យបានច្បាស់លាស់នូវទិន្នន័យអ្នកចាក់វ៉ាក់សាំង និងជួយទប់ស្កាត់ការដឹកកម្មករពីខេត្តដទៃចូលមកចាក់ក្នុងរាជធានីភ្នំពេញ។
«សូមអាជ្ញាធរដែនដីរបស់យើងជួយត្រួតពិនិត្យចៀសវាងកម្មករ ដែលមិនមែនធ្វើការនៅរោងចក្រក្នុងខណ្ឌនេះ គាត់ធ្វើការនៅកំពង់ឆ្នាំង នៅកំពង់ចាម នៅកំពង់ស្ពឺនោះ ដឹកទាំងឡានមកចាក់»។ នេះជាការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី នៅតាមបណ្តាខេត្តសូមឱ្យអត់ធ្មត់ និងរង់ចាំ ព្រោះកម្មវិធីចាក់វ៉ាក់សាំងនឹងទៅដល់កន្លែងពួកគេគ្រប់គ្នា។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅអតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ នៅរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី០១ ខែឧសភា នោះ មកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ ៩០ម៉ឺននាក់ហើយបានចាក់រួចរាល់។ យុទ្ធនាការមិនទាន់បញ្ចប់នៅឡើយទេ គឺនៅសល់ជាង ១០ម៉ឺននាក់ទៀត សម្រាប់អ្នកចាក់ដូសទី១ ដោយគ្រោងបញ្ចប់នៅក្នុងសប្តាហ៍នេះ៕