(ភ្នំពេញ)៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត មានប្រវែងជាង ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) គិតត្រឹមចុងខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចការសាងសង់ប្រមាណ ៩៨% ហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ដែលគ្រោងនឹងរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ដោយឡែកស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នា គ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២១ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពីពេលនេះតទៅ។
អ្នកនាំពាក្យវ័យក្មេងរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាមបណ្តោយផ្លូវនេះ សូមសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បរិស្ថានរស់នៅឱ្យមានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អបន្ថែមជាដើម។ លោកអំពាវនាវសុំឱ្យប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាផ្លូវនេះ ឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។
លោកបានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ហើយក្រសួងក៏សូមអំពាវនាវសុំឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិទៅថ្ងៃក្រោយ ពោលគឺ៖ ពេលផ្លូវខូចទៅប្រជាពលរដ្ឋធ្វើដំណើរមានការលំបាក និងខាតបង់ពេលវេលាថែមទៀតផង។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤.៧ គីឡូម៉ែត្រនេះ ត្រូវបានចែក ជាពីរ ដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ហើយប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕