(កំពង់ធំ)៖ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្នើដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រក្សាទុកដីអូរធម្មជាតិពីបុរាណ ស្ថិតនៅតំបន់ត្រគួន ទុកជាទ្រព្យសម្បត្តិសាធារណៈសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល។
អាជ្ញាធរភូមិ និងប្រជាពលរដ្ឋនៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានគោលបំណងរួមគ្នារក្សាទុកអូរធម្មជាតិបុរាណ ដែលមានតាំងពីដូនតាមក ស្ថិតនៅតំបន់ត្រគួន ភូមិគ្រួស ជាសម្បត្តិសាធារណៈ។
ទន្ទឹមនេះ លោក ស្រី ឈៀក មេភូមិគ្រួស និងលោក ហ៊ុន សឿន នាយកប៉ុស្តិ៍នគបាលរដ្ឋបាលឃុំដូង រួមជាមួយប្រជាពលរដ្ឋនៅភូមិគ្រួសលើកឡើងព្រមគ្នាថា ការជីកកាយដីអូរ ព្រៃឫស្សីសង្ខាងមាត់អូរត្រគួន នេះពួកគាត់ពុំបានដឹងនោះទេ និងពុំដែលមានបុគ្គលណាមកស្នើសុំជីស្រះលើអូរធម្មជាតិនោះដែរ។
លោកមេភូមិគ្រួស និងលោកនាយកប៉ុស្តិ៍នគបាលរដ្ឋបាលឃុំដូង បន្ថែមថាការផ្ទុះឡើងពីសកម្មភាពនាំគ្នាមកមើលទីតាំងចំណុចអូរត្រកួននេះក្រោយពីមានប្រជាពលរដ្ឋនៅក្នុងភូមិគ្រួសចំនួន ៣នាក់ ជាប់បណ្តឹងរបស់ឈ្មោះ កាំង ប៊ុនសូវ មានទីលំនៅស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ប្តឹងទៅកាន់កងរាជអាវុធហត្ថខេត្តកំពង់ធំ ពីបទ «លួចបូមស្រះ» និងត្រូវបានកោះហៅបំភ្លឺកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋលើកឡើងថា «តំបន់អូរត្រកួន គឺជាអូរធម្មជាតិមានតាំងពីបុរាណមកមិនធ្លាប់មានអ្នកណាម្នាក់មកកាន់កាប់ធ្វើជាកម្មសិទ្ធិនោះទេ! អូរនេះមានប្រភពមកពីឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក រហូតដល់តំបន់កែងគោល ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់ប្រជាពលរដ្ឋអាស្រ័យផលរកត្រីជាលក្ខណៈគ្រួសារគ្រប់គ្នា និងជាកន្លែងសម្រាប់គោ ក្របី ផឹកទឹកផងដែរ»។
ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ចុះពិនិត្យនិងរក្សាទុកអូរធម្មជាតិជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់ជាប្រយោជន៍រួមវិញ។
ជាមួយគ្នានេះ លោក មឿន ចាន់ថា នាយសង្កាត់រដ្ឋបាលជលផលប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានបញ្ជាក់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ថា តាមចុះសាកសួរពីប្រជាពលរដ្ឋនៅមូលដ្ឋាន និងការពិនិត្យជាស្តែងឃើញថា ចំណុចត្រកួន នេះពិតជាអូរធម្មជាតិពិតមែន! បន្ទប់ពីរូបលោកចុះពិនិត្យនេះរួច រូបលោកធ្វើរបាយការណ៍ជូនលោកអភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោកនាយខ័ណ្ឌជលផល សើ្នសុំពិនិត្យបន្ថែម និងសម្រេច។
លោកនាយសង្កាត់បន្ថែមថា រាល់សកម្មភាពកាន់កាប់ ជីកដីអូរ ជីកស្រះ កាប់ឆ្ការឈូសឆាយព្រៃរនាម ដោយគ្មានការអនុញ្ញាត្តិ ស្នើសុំតាមនីវិធីច្បាប់ នោះនឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ជាធរមាន។
ជុំវិញបញ្ហានេះលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានប្រាប់តាមទូរស័ព្ទដល់អ្នកសារព័ត៌មានថាលោកនឹងចុះពិនិត្យមើលជាក់ស្ដែង ដើម្បីកាត់យកដីនេះមកជាសម្បត្តិសាធារណៈវិញ៕