(ភ្នំពេញ)៖ បុគ្គលម្នាក់ឈ្មោះ យ៉ន យោគ បានរត់គេចពីការយកសំណាកនៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ខណៈសមាជិកអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នាចំនួន២នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩ ជាបន្ដបន្ទាប់។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានតាមរយៈ Facebook នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មាននៅពេលឃើញបុគ្គលដែលបានរត់គេចនេះ។
ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់សាមីខ្លួន ប្រសិនបើឃើញនូវការផ្សព្វផ្សាយនេះ ត្រូវសហការជាមួយមន្ដ្រីសុខាភិបាល ដើម្បីមកធ្វើតេស្ដ ហើយទទួលយកការព្យាបាល ជៀសវាងការចម្លងជំងឺនេះទៅកាន់អ្នកដទៃ។
សូមជម្រាបថា យោងតាមមាត្រា២១ នៃអនុក្រឹត្យស្ដីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា បុគ្គល (ដែលមានកាតព្វកិច្ចត្រូវផ្ដល់វត្ថុសំណាក) ដែលមិនសហការរជាមួយមន្ដ្រីសុខាភិបាល ដើម្បីផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ត្រូវផ្ដន្ទាទោសពិន័យអន្ដរការណ៍ពី ១លានរៀល ទៅ៥លានរៀល។
ការបង់ប្រាក់ពិន័យអន្ដរការណ៍នេះ មិនធ្វើឲ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឲ្យមន្ដ្រីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ១៩នោះទេ៕